ក្រសួងអប់រំ ប្រកាសឲ្យសិស្សានុសិស្សមកចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី ១៥ វិច្ឆិកា នេះតទៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឲ្យ​សិស្សានុសិស្ស​ដែល​មាន​អាយុ ៦ ឆ្នាំ មក​ចុះ​ឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ គ្នា ចាប់ពី​ថ្ងៃ​ទី ១៥ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។   យោង​តាម​សេចក្ដីណែនាំ​ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ស្តង់ដារ​សាលារៀន​គំរូ ចុះ​ថ្ងៃ​ទី ១៤ វិច្ឆិកា បាន​ណែនាំ​ឲ្យ​សាលារៀន​ផ្សព្វ​ផ្សាយ និង​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូលរៀន​ចាប់ពី​អាយុ ៦ ឆ្នាំ ឬ​យ៉ាងតិច ៧០ ខែ (គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣) ដោយ​បែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ក្នុង​ការ​ចង​បដា និង​ពាក្យស្លោក​នៅ​តាម ទី​ប្រជុំជន​ធ្វើការ​អំពាវនាវ​ដល់​មាតាបិតា ឬ​អ្នកអាណាព្យាបាល ឲ្យ​នាំ​កូន​គ្រប់​អាយុ​មក​ចុះ​ឈ្មោះ​ចូល​រៀន​បាន​គ្រប់ៗ គ្នា (​ដោយ​ភ្ជាប់​មក​ជាមួយ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រ​ពេទ្យ​) ហើយ​ទន្ទឹម​នឹង​នេះ ត្រូវ​សម្របសម្រួល​ឲ្យ​អស់​លទ្ធភាព ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ចំណាកស្រុក​បាន​ចុះឈ្មោះ​ចូលរៀន​គ្រប់ៗ​គ្នា ព្រោះថា​ការ​ចុះ​ឈ្មោះ​ចូលរៀន ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។   ក្រសួង បាន​បន្ត​ថា ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ជា​ផ្លូវការ​ប្រារព្ធ​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ ដោយ​គ្រប់​សាលារៀន​ត្រូវ​រៀបចំ​ចង​បដា​ពាក្យស្លោក​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឲ្យ​បាន​មុន​ថ្ងៃ​ប្រារព្ធ​ពិធី និង​អញ្ជើញ​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាជ្ញាធរ​ដែនដី តំណាង​សហគមន៍ មាតាបិតា ឬ​អ្នកអាណាព្យាបាល ចូលរួម។  ឆ្នាំ​សិក្សា ២០២៣-២០២៤ ត្រូវ​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ និង​បញ្ចប់​ទៅវិញ នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៤ តាម​កាលបរិច្ឆេទ​ដូច​ខាង​ក្រោម ដោយ​វិស្សមកាល​តូច ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៤ និង​មហា​វិស្សមកាល ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង