មនុស្សខិលខូចបានយកសំរាមមកបោះចោលពាសវាលពាសកាល
ខេត្តកំពង់ចាម ៖ នៅលើផ្លូវខ្នងទំនប់ ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានគេមើលឃើញ មានមនុស្សខិលខូចបានយកសំរាមមកបោះចោលពាសវាលពាសកាល និងជះក្លិនស្អុយអាសោចន៍រាល់ថ្ងៃ ។ កត្តានេះ ត្រូវគេមើលឃើញ អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេភូមិបឹងបាសាក់ ហាក់បីដូចជាមិនអើពើយកចិត្តទុកដាក់លើរឿងនេះទាល់តែសោះ ។ អ្នកស្រី ឃាង ស៊ីផាន ចៅសង្កាត់សំបួរមាស បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ថា នៅតាមជម្រាលផ្លូវខ្នងទំនប់ក្នុងភូមិបឹងបាសាក់នេះ ត្រូវបានមនុស្សខ្វះគំនិតបានច្រកសំរាមទាំងថង់ៗដឹកតាមម៉ូតូយកមកបោះចោលឡើងគរ ព្រមទាំងជះក្លិនស្អុយ ដោយមើលឃើញបែបនេះកម្លាំងសង្កាត់បានចុះប្រមូលដុតចោលជាញឹកញាប់ទៀតផងពេលកន្លងទៅ ។ អ្នកស្រីចៅសង្កាត់សំបូរមាសប្រាប់បន្តទៀតថា ក្រោយពីសំអាតរួចរាល់ក៏បានលើកស្លាកដាក់វាយភ្ជាប់ដោយដែកគោល និងដើមឈើសរសេរថា ជនណាដែលយកសំរាមមកបោះចោលទីនេះនឹងត្រូវផាកពិន័យ១លានរៀល។ ក្រោយពីដាក់ស្លាកសញ្ញាបែបនេះ ឃើញថាមានសភាពស្ងប់ស្ងាត់២ទៅ៣ខែដែរ ប៉ុន្តែមិនដឹងជាជនណាទៅលួចដោះស្លាកសញ្ញានោះ យកទៅបាត់ហើយសំរាមទាំងថង់តូចធំ ត្រូវបានគេយកមកបោះចោលនៅទីនេះដដែល។ តាមការកត់សម្គាល់មើលក្រុមអ្នកដែលបោះសំរាម គឺជាប្រភេទមនុស្សដែលមិនព្រមដាក់បង់ខែថ្លៃសំរាមមួយម៉ឺនរៀលក្នុងមួយខែ គឺអ្នកនៅទួលស្រែនិងអ្នកនៅតាមៀងក្នុងស្រុកកំពង់សៀម បានដាក់តាមម៉ូតូយកមកបោះចោលនៅពេលយប់ស្ងាត់ ឬក៏យប់ទៀបភ្លឺ ។ សូមបញ្ជាក់ថា កន្លងទៅ អ្នកស្រីបានឲ្យកម្លាំងប្រជាការពារនៅចាំឃ្លាំមើលក្រែងមានជនណាយកសំរាមមកបោះចោល តែដល់ពេលប្រជាការពារចេញទៅផ្ទះបាត់ ក៏មានក្រុមមនុស្សខិលខូចបានយកសំរាម មកបោះចោលទីនេះដដែលដោយមិនខ្វល់ ។ ជាមួយនោះ លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម មានគម្រោងឱ្យប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម ត្រូវតែបំពេញកាតព្វកិច្ចបង់ថ្លៃសំរាមដោយវេចខ្ចប់ដាក់ថង់ត្រឹមត្រូវនៅតាមមុខផ្ទះគឺមានកម្មករដែលប្រមូល។តាមតំបន់នីមួយៗធ្វើយ៉ាងណាឱ្យមានបរិស្ថានស្អាត។ ចំណែកលោកនួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកោះសន្តិភាព បានព្យាយាមសុំការបំភ្លឺដោយទូរសព្ទរបស់លោកជាប់រវល់រហូត… ។ សម្រួលដោយ ទៀង បុណ្ណរី