បុរស​ជនជាតិចិន​ម្នាក់ បើករថយន្ត​លឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​១​ដើម នៅ​ខណ្ឌ​កំ​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​លឿន​ពេក លុះ​មក​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង បួង​ចង្កូត​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង បាក់​អស់​១​ដើម និង​ទ្រេត​១​ដើម​ទៀត រួច​រថយន្ត​ធ្លាក់​ចូល​ក្នុង​ទឹក​ស្រែ ហើយ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​ជា​សំណាងល្អ​ពុំ​បណ្ដាល​ឲ្យ​បុរស​នោះ​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ។  ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​បេតុង ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។  អ្នក​ឃើញ​ហេតុការណ៍ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន​ខាងលើ បានបើក​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-0141 បើកបរ​ក្នុង​ទិស​ដៅ ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ផ្លូវ​កោង​បួង​ចង្កូត​មិន​ទាន់ ក៏​ធ្លាក់​ផ្លូវ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​រដ្ឋ បាក់​មួយ​ដើម​រលំ​កាត់​ទទឹង​ផ្លូវ និង​ទ្រេត​មួយ​ដើម ហើយ​រថយន្ត​អត់​ទាន់​អស់​ល្បឿន ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្រែ ប៉ុន្តែ​សំណាងល្អ ពុំ​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ចិន​រូប​នោះ រង​របួស​ឡើយ ។  ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​កំ​បូល រួម​ជាមួយ​មន្ត្រី​អគ្គិសនី បាន​ចុះ​ទៅ​អន្តរាគមន៍ ឃាត់​បុរស​អ្នកបើកបរ​រថយន្ត​ខាងលើ ហើយ​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្ទូច​យក​រថយន្ត​នោះ ទៅ​រក្សា​ទុក រង់ចាំ​ការ​ដោះស្រាយនៅពេលក្រោយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង