អ្នកជំងឺ កូវីដ១៩ ចំនួន៩នាក់ ទៀត ត្រូវចូលខ្លួនព្យាបាលជាបន្ទាន់ បើមិនដូច្នេះ ត្រូវចាត់ការតាមផ្លូវច្បាប់

TNM(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សាមីខ្លួន ទាំង៩នាក់ ដែលមាន វិជ្ជមាន កូវីដ១៩ សាច់ញាតិ ឬ អ្នកដែលស្គាល់អ្នកជំងឺ សូមប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល៣ថ្ងៃ ជា កំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥ ។

សេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ បញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋ វិជ្ជមាន បានសហការ ទំនាក់ទំនងសមត្ថកិច្ច បានចំនួន៤៧នាក់ នៅតែសល់អ្នកវិជ្ជមាន កូវីដ១៩ ចំនួន៩នាក់ ទៀត ប៉ុណ្ណោះ ។

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានថា ក្នុងករណីដែលសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាព នេះ ជាអំពើគេចវេះ ពីការតម្រូវអោយទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និង ពិន័យជាប្រាក់ពី ៥លានរៀលទៅ២០លានរៀល ហើយត្រូវផ្តន្ទទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើខាងលើនេះ បណ្តាលអោយមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការ ការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ផ្ទុយទៅវិញ បើអ្នកជំងឺកូវីដ១៩ ទាំង៩នាក់ បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ការលើកលែងអោយរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ អនុលោមតាមមាត្រា១៣ នៃច្បាប់ដដែលនេះ ៕

អត្ថបទដែលជាប់ទាក់ទង