អាជ្ញាធរស្នើក្រុមហ៊ុនTik Tok ទប់ស្កាត់ការបង្ហោះវីដេអូថតនៅប្រាសាទអង្គរវត្ត ដែលកំពុងបង្កផលប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌកម្ពុជា
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជូនដំណឹងពាក់ព័ន្ធនឹងការចែករំលែកវីដេអូ កាត់តនៅប្រាសាទអង្គរវត្តបង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។ ក្នុងនោះអាជ្ញាធរក៏បានស្នើដល់ក្រុមហ៊ុនTik Tok ទប់ស្កាត់ការបង្ហោះចែកចាយវីដេអូដែលមានភាពអវិជ្ជមាននានា កើតមានឡើងក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ…។ ការចេញសេចក្តីជូនដំណឹងរបស់អាជ្ញាធរកម្ពុជា ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មហាជនជាច្រើនបានផ្ទុះប្រតិកម្មជាខ្លាំងលើឃ្លីបវីដេអូមួយ ដែលផុសចែកចាយតាមបណ្តាយសង្គម Tik Tok និងហ្វេសប៊ុក ដោយមានភ្ញៀវទេសចរជាស្ត្រីមួយរូប បានចូលមកលេងក្នុងតំបន់អង្គររួចធ្វើការថតរូបភាព វីដេអូ យកទៅកាត់ត អមដោយភ្លេង និងរូបភាពបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជាជាខ្លាំង ទន្ទឹមនឹងនោះ មហាជនបានស្នើដល់អាជ្ញាធរពាក់ព័ន្ធមានចំណាត់ការចំពោះអ្នកប្រព្រឹត្តិផងដែរ។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវនៃការចូលថតរូបភាព ក៏ដូចជាវីដេអូមិនល្អទាំងនោះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ប្រាប់សារធារណជនថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិត ជាមួយនឹងសម្ភារមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារមួយចំនួនមក ភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្រប។ ប៉ុន្តែសមាជិកនៅក្នុងក្រុមនោះ បានប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងពីអាជ្ញាធរ ហើយប្រើប្រាស់រូបភាពមួយចំនួនទាំងក្នុង និងក្រៅប្រាសាទកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ។ អាជ្ញាធរជាតិអប្សរាបានសង្កត់ធ្ងន់ថា៖«ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំឱ្យក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើងជាយថាហេតុ ហើយប្ដេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាព ដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត»។ ជាមួយគ្នានោះ អាជ្ញាធរក៏បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ ចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី