កម្មករយ៉ាងតិច៤០នាក់ជាប់ក្នុងផ្លូវក្រោមដីដែលបាក់នៅឥណ្ឌា
ប្រទេសឥណ្ឌា ៖ នៅភាគខាងជើងឥណ្ឌាកម្មករយ៉ាងតិច៤០នាក់ ជាប់នៅក្នុងផ្លូវក្រោមដីមួយកំពុងកសាងដែលបាក់កាលពីថ្ងៃទី១២វិច្ឆិកា។ នេះបើតាមការគូសបញ្ជាក់របស់អ្នកទទួលខុសត្រូវខាងសង្គ្រោះម្នាក់។ ការបាក់កើតមាននាវេលាព្រឹកថ្ងៃទី១២វិច្ឆិកា ក្នុងតំបន់ហ៊ីម៉ាឡៃយ៉ាពេលកម្មករ១ក្រុមបានចាកចេញពិទីតាំងកសាង ហើយក្រុមកម្មករប្ដូរវេនគ្នាមកដល់។ លោកDURGESH RATHODI អ្នកទទួលខុសត្រូវម្នាក់នៃក្រុមជួយសង្គ្រោះថ្លែងប្រាប់AFPថា ផ្លូវក្រោមដីជម្រៅប្រមាណជាង២០០ម៉ែត្រនោះបានបាក់។ កម្មករពី៤០ទៅ៤១នាក់បានជាប់ក្នុងផ្លូវក្រោមដីនោះ ស្ថិតក្នុងរដ្ឋអុតតារ៉ាក់ហានក្រោយការបាក់។ ខ្យល់អុកស៊ីហ្សែនត្រូវបានផ្ដល់ឲ្យកាត់តាមបំណែក តែបំណែកដទៃៗទៀតបន្តធ្លាក់ ពេលពួកអ្នកជួយសង្គ្រោះប៉ុនប៉ងទម្លុះច្រកចូលទៅជួយមនុស្ស។ លូវក្រោមដីប្រវែង៤,៥គីឡូម៉ែត្រនោះកំពុងកសាងរវាងក្រុងSILKYARA និងក្រុងDANDALGAON ដើម្បីភ្ជាប់ទៅកាន់ទីតាំងសាសនាហិណ្ឌូសំខាន់២គឹUTTARKASHI និងYAMNOTRI ។ វាជាផ្នែកមួយនៃគម្រោងCHAR DAM ROAD PROJECT របស់នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារេនដ្រាម៉ូឌី ដើម្បីកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទៅកាន់ទីតាំងសាសនាហិណ្ឌូសំខាន់ៗដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេស ក៏ដូចជាបណ្ដាទីតាំងសាសនាហិណ្ឌូស្ថិតនៅក្បែរព្រំដែនជាមួយចិន។ បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គ មដោយពួកអ្នកជួយសង្គ្រោះ គេឃើញផ្ទាំងបេតុងធំៗបាក់រាំងផ្លូវក្រោមដីនោះជាមួយដែកច្រូងច្រាងនៅលាយឡំជាមួយគំនរបាក់បែក៕ សម្រួលដោយ ទៀង បុណ្ណរី