ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក បានប្រាប់ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តមានឥទ្ធិពល គ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងកម្លាំងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ១- តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមា ចាប់ពី ២៣°C -២៥°C និងសីតុណ្ហភាពអតិបរមាពី ៣០°C -៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនចាប់ពី ៣ម៉ែត្រ-៥ម៉ែត្រ/វិនាទី។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីចាប់ពី ១០% ទៅ ២០%។ ២- តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាចាប់ពី ២២°C -២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩°C -៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនចាប់ពី ៤ម៉ែត្រ-៦ម៉ែត្រ/វិនាទី។ ៣- តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាចាប់ពី ២៣°C -២៥°C និងសីតុណ្ហភាពអតិបរមាចាប់ពី ២៨°C -៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនចាប់ពី ៣ម៉ែត្រ-៥ម៉ែត្រ/វិនាទី។ ហើយអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីចាប់ពី ១០% ទៅ ២០%។ ចំណែកឯនៅលើផ្ទៃសមុទ្រវិញ មានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ចាប់ពី ០,៧៥ម៉ែត្រ-១,៥០ម៉ែត្រ៕ សម្រួលដោយ ទៀង បុណ្ណរី