ចិន​នឹង​ធានា​សន្តិសុខ និងស្ថិរភាព​នៅ​ព្រំដែន​ជាមួយ​មីយ៉ាន់ម៉ា ខណៈការវាយប្រយុទ្ធគ្នាកាន់តែខ្លាំង

ក្រសួងការបរទេសចិន បានលើកឡើងកាលពីថ្ងៃសុក្រទី១០ ខែវិច្ឆិកាថា ប្រទេសចិននឹងធានាសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈកំពុងជំរុញឱ្យភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់។  ប្រធានាធិបតីនៃរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសនេះមានហានិភ័យនៃការបែកបាក់គ្នាកាន់តែខ្លាំង ដោយសារតែការគ្រប់គ្រងគ្មានប្រសិទ្ធភាពនៃអំពើហិង្សានាពេលថ្មីៗនេះ នៅក្នុងតំបន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន។ របបយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការប្រយុទ្ធគ្នាដ៏ធំបំផុតចាប់តាំងពីខ្លួនបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ជាមួយនឹងការកើនឡើងនៃការវាយប្រហារដោយក្រុមប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជនជាតិភាគតិច ដែលមានមូលដ្ឋានយោធានៅភាគខាងជើង ភាគឦសាន ភាគពាយព្យ និងភាគអាគ្នេយ៍។ ចិនដែលមានព្រំដែនជាប់មីយ៉ាន់ម៉ា បានអំពាវនាវម្ដងហើយម្ដងទៀតឱ្យបញ្ចប់ការប្រយុទ្ធគ្នា និងបានជំរុញទីក្រុងណៃពិដោឱ្យសហការជាមួយខ្លួនក្នុងការរក្សាស្ថិរភាពនៅតាមព្រំដែនរួមរបស់ពួកគេ និងទប់ស្កាត់ការស្លាប់ និងរបួសបន្ថែមទៀត។   មានរបាយការណ៍ជាច្រើនអំពីពលរដ្ឋចិន ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ហើយចិនបានបញ្ជូនការប្រឹក្សាដល់ពលរដ្ឋក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីជៀសវាងការធ្វើដំណើរទៅតំបន់ដែលមានអំពើហិង្សាកើតឡើង។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ លោក វ៉ាង វេនប៊ីន (Wang Wenbin) បាន​និយាយក្នុង​សន្និសីទ​សារព័ត៌មានមួយថា៖«ទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ហើយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងបញ្ឈប់ការប្រយុទ្ធគ្នា យកចិត្តទុកដាក់ជាក់ស្តែងចំពោះការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រទេសចិន និងធ្វើការជាមួយប្រទេសចិនដើម្បីរក្សាសុវត្ថិភាពនៃគម្រោងសហប្រតិបត្តិការចិន-មីយ៉ាន់ម៉ា និងបុគ្គលិកធុរកិច្ច»។ ​  កាលពីសប្តាហ៍មុន ជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក ណុង រ៉ុង (Nong Rong) បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដោយជំរុញឱ្យប្រទេសនេះចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសម្រាប់ស្ថាប័ន និងបុគ្គលិករបស់ចិននៅទីនោះ។ ចិន​នាំចូល​ឥន្ធនៈ​ក្នុង​ទម្រង់​ជា​ឧស្ម័ន​តាម​បំពង់​បង្ហូរ​ប្រេង​ចម្ងាយ​ឆ្ងាយ​ពី​មីយ៉ាន់ម៉ា។ លោក ណុង ក៏បានទៅទស្សនាបំពង់បង្ហូរឧស្ម័នមីយ៉ាន់ម៉ា-ចិន ដែលជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន និងបណ្តាញថាមពល ដោយភ្ជាប់កោះ Ramree នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងទីក្រុងព្រំដែនចិន Ruili ក្នុងខេត្ត Yunnan ភាគនិរតីផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង