១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់

នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ កម្ពុជា មាន​រោងចក្រ​បើក​ថ្មី​ប្រមាណ​ជិត ​២​ ពាន់​រោងចក្រ ដែល​អាច​ផ្តល់​ការងារ​ដល់​កម្មករ​និយោជិត​ប្រមាណ​ជិត​ ៩​ ម៉ឺន​នាក់​ ខណៈ​រោងចក្រ​ជាង​ ៨០០ ​បាន​បិទ​ដំណើរការ​ផង​ដែរ។  លោក កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​ ១១​ វិច្ឆិកា​នេះ​ថា​ ចាប់ពី​ខែ​មករា ​រហូតមកដល់​ខែ​តុលា​ ឆ្នាំ ​២០២៣ ​នេះ​ មាន​រោងចក្រ​សហគ្រាស​បើក​ថ្មី​ចំនួន​សរុប ​១៩៣៩​ នាក់ ​ផ្តល់​ការងារ​ដល់​កម្មករ​ចំនួន​ ៨៨២៣៥​ នាក់ ​ស្រី ៥៤០៤៨​ ក្នុង​នោះ​រោងចក្រ​កាត់ដេរ ១០៨​ រោងចក្រ​ មាន​កម្មករ​ ៤៤៥២២​ នាក់ ​ស្រី ៣៤៩២០​ នាក់ និង​ក្រៅ​កាត់ដេរ​ ១៨៣១ ​រោងចក្រ​ មាន​កម្មករ​ ៤៣៧១៣​ នាក់​ ស្រី​ ១៩១២៨ ​នាក់។  លោក​បាន​បន្ត​ថា​ ទន្ទឹម​នឹង​បើក​ថ្មី​ ក៏​មាន​រោងចក្រ​បិទ​ដំណើរការ​ចំនួន​ ៨៥២​ រោងចក្រ ​ដែល​មាន​កម្មករ​ ៨៧៧៦០​ នាក់​ ស្រី ​៦៦៥៨៥​ នាក់ ក្នុង​នោះ​មាន​រោងចក្រ​កាត់ដេរ ​១០៨ ​មាន​កម្មករ ៧១៩៤៧ ​ស្រី ៥៩៨៩១ ​នាក់​ និង​ក្រៅ​កាត់ដេរ​មាន​ ៧៤៤​ រោងចក្រ​ មាន​កម្មករ ១៥៨១៣​ នាក់ ​ស្រី ៦៦៩៤ នាក់។  លោក​បាន​បញ្ជាក់​ថា​ ដោយឡែក​នៅ​ក្នុង​ខែ​តុលា​នេះ​ មាន​រោងចក្រ​ព្យួរ​ការងារ​​ចំនួន ​៧៧ ​រោងចក្រ មាន​កម្មករ​ ៣៥៣៨០​ នាក់ ​ស្រី ២៧៥៤៩​ នាក់​ ក្នុង​នោះ​រោងចក្រ​កាត់ដេរ​ ៦៦ ​រោងចក្រ​ មាន​កម្មករ ៣២២៤៣​ នាក់ ​ស្រី​ ២៥៣៦០​ នាក់​ និង​រោងចក្រ​ក្រៅ​កាត់ដេរ​មាន ​១១​ រោងចក្រ ​មាន​កម្មករ ៣១៣៧ នាក់​ ស្រី​ ២១៨៩ ​នាក់។  លោក កត្តា អ៊ន បាន​បញ្ជាក់​ថា ​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​ ២០២៣​ កម្ពុជា មាន​រោងចក្រ​សហគ្រាស​កើន​ឡើង​ដល់​ចំនួន ១៧២៥១ ​និង​មាន​កម្មករ​និយោជិត​សរុប​ចំនួន​ជិត ១,៥ លាន​នាក់ ក្នុង​នោះ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​វាយនភណ្ឌ​, កាត់ដេរ​, ផលិត​ស្បែកជើង​ និង​ផលិតផល​ធ្វើដំណើរ​ និង​កាបូប មាន​ចំនួន ១.៣៣២​ រោងចក្រ​ មាន​កម្មករ​និយោជិត​សរុប​ប្រមាណ​ ៨៤​ ម៉ឺន​នាក់ ​ដោយ​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រមាណ​ជិត ៣​ ពាន់​លាន​ដុល្លារ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង