Update៖ ថ្មីការឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់​ កុសលនិងបក្ខពួក គឺពាក់ព័ន្ធបទកំហែងយក លុយចំនួន៣​ម៉ឺន​ដុល្លារ​!

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានលើកឡើងថាៈ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្ខពួក​៤​នាក់​ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​!
ប៉ុន្តែ​ពាក់ព័ន្ធ​ បទៈ ល្មើស​កំហែង​យក​លុយពីជនសង្ស័យគ្រឿងញៀនចំនួន៣ម៉ឺនដុល្លារ ជាថ្នូរនឹងដោះលែងវិញ។  តាម​ដំណេីររឿង នៅ​ពាក់​កណ្ដាល ខែ​ តុលា​ ឆ្នាំ​២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នេីសុំ​គោលការណ៍​ពីលោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។
ដើម្បីចុះបង្ក្រាប​ជនជាតិ​ចិន សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។  លុះចាប់​ឃាត់ខ្លួន​មក​ ជនជាតិ​ចិនទាំងនោះ​ គ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​! ។  បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាង បទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ។  ដើម្បីអនុញ្ញាត​អោយ​ពួកគេត្រលប់​ទៅវិញ​ ដោយលោក​ប្រធានមន្ទីរ បាន​ឯក​ភាព​តាមការ​ស្នេីសុំ​ តែ​មិនបាន​អោយ​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិននោះឡើយ។  តែផ្ទុយទៅវិញលោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ទាមទារ​លុយ​ពី​ជនជាតិ​ចិនទាំងនោះ​ចំនួន​៣​ម៉ឺន​ដុល្លារ​ ជាថ្នូរ​នឹងការ​ដោះលែង​ ដោយទៅយកលុយ​ដល់​ធនាគារ​ថែមទៀត​ផង​។  ជនជាតិ​ចិនទាំងនោះ បន្ទាប់​ពី​ប្រគល់​លុយអោយទៅ​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​រួចហើយ​ ពួកគេ​ក៏​ប្ដឹង​មកថ្នាក់ដឹកនាំ ក្រសួង​មហាផ្ទៃ​ ដេីម្បី​ទាមទារ​រកយុត្តិធម៌​។  ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្ខពួក​៤​នាក់​ មិនពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ តែ​ពាក់ព័ន្ធ​បទល្មើស​”កំហែង​យ​ក​”៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង