បុរសម្នាក់បើករថយន្តបុកស្ត្រីម្នាក់ លុះពេលគេឃាត់កុំឱ្យរត់ វាយទាំងសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកលឿនជ្រុលទៅបុ.កពីក្រោយម៉ូតូ ZOOMER-X ជិះស្របទិសដៅគ្នា មិនត្រឹមតែប៉ុណ្ណោះ អ្នកបើករថយន្តប្រើប្រាស់អំពើហិ.ង្សាលើសមត្ថកិច្ចទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារទំនើបម៉ាក្រូ តាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GT-9346 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-6711 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ស្របទិសដៅគ្នាតាមពីក្រោយម៉ូតូ និងក្នុងល្បឿនលឿនទៀត រួចក៏ជ្រុលទៅបុកពីក្រោយម៉ូតូ បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសផ្លោះចង្កេះតែម្ដង ចំណែកម៉ូតូវិញរងការខូចខាតបែកកាតាបូខាងក្រោយ រីឯរថយន្តរងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ។ ប្រភពដដែលបន្តថា ពេលនោះក៏មានបុរសម្នាក់ដែលស្គាល់ថា ជាសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានបើកបររថយន្តមួយគ្រឿងទៅកាក់ពីមុខរថយន្តម៉ាកព្រូសនោះ (រថយន្តបង្ក) ដោយសាររថយន្តនោះបម្រុងបើករត់គេចខ្លួន។ បន្ទាប់មក អ្នកបើកបររថយន្តបង្កម៉ាកព្រូស និងបុរសជាអ្នកបើករថយន្តទៅកាក់ពីមុខនោះ បានឈ្លោះប្រកែកគ្នា និងប្រវាយប្រតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍។ ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ បុរសដែលជាអ្នកបើករថយន្តបង្កម៉ាកព្រូសរូបនោះ នៅតែព្យាយាមបម្រុងឡើងរថយន្តដើម្បីរត់គេចចេញពីកន្លែងកើតហេតុដដែល។ ខណៈពេលឃើញដូច្នេះភ្លាម សមត្ថកិច្ចមូលដ្ឋានក៏ចូលទៅឃាត់ ស្រាប់តែបុរសរូបនោះទះក្បាលសមត្ថកិច្ចមូលដ្ឋានទៀត ទើបសមត្ថកិច្ចមូលដ្ឋានចាប់វាយខ្នោះតែម្ដងទៅ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយឡែកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយបន្តទៀត៕ សម្រួលដោយ ទៀង បុណ្ណរី