ព្រះមហាក្សត្រមានបន្ទូលឱ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារនិងកសាងមាតុភូមិ
រាជធានីភ្នំពេញ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងអញ្ជើញថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងព្រះរាជសុន្ទរកថា ព្រះអង្គមានព្រះបន្ទូលថា រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋបានប្រែប្រួលមុខមាត់ថ្មីគួរឱ្យកោតសរសើរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ កម្ពុជាកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមានដែលផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិ មាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិ។ ទន្ទឹមនឹងនោះទ្រង់មានព្រះបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាថា៖ «នៅក្នុងឱកាសនេះ ខ្ញុំ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ» ។ ក្នុងព្រះរាជសុន្ទរកថាដដែល ព្រះអង្គបានគូសបញ្ជាក់បន្ថែមថា តាមរយៈមីទ្ទិញអបអរសាទរពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០ នៅមុខព្រះបរមរាជវាំង យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្ដីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ដ នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ល្បាញល្បីនៃការកសាងប្រាង្គប្រាសាទដ៏ល្អប្រណិត ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទីក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជា មាតុភូមិដែលជាកេរមរតកជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបានរបស់យើង ពិតជាពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ៕ សម្រួលដោយ ទៀង បុណ្ណរី