អ្នកជំនាញអប់រំអះអាងថាទោះជាបេក្ខជនទទួលបាននិទ្ទេសអ្វីក៏ដោយក៏អាចរៀនថ្នាក់ឧត្តមសិក្សាបានទាំងអស់

អ្នកជំនាញផ្នែកអប់រំបានណែនាំដល់បេក្ខជនដែលទើបនឹងបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗនេះថាទោះបីជាបេក្ខជនទទួលបាននិទ្ទេសអ្វីក៏បាន ក៏អាចរៀនថ្នាក់ឧត្តមសិក្សាបានទាំងអស់និងជ្រើសរើសទៅតាមមុខជំនាញរៀងៗខ្លួន។  ការណែនាំរបស់អ្នកជំនាញអប់រំបែបនេះបន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡាទើបតែបានបញ្ជប់ការប្រឡងបាក់ឌុបថ្មីៗនេះដែលជាការក្រើនរំលឹកដល់បេក្ខជនក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញណាមួយឈានទៅចាប់យកជំនាញថ្មីសម្រាប់​​អនាគតរបស់ខ្លួនទៅថ្ងៃអនាគត។   លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី​០៩​វិច្ឆិកានេះថា៖ «ប្រឡងបាក់ឌុបថ្នាក់ជាតិ ទោះបាននិទ្ទេសន៍អ្វីក៏បាន ក៏អាចរៀនថ្នាក់ឧត្តមសិក្សាបានទាំងអស់។សិស្សអាចជ្រើសមុខជំនាញបាន ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួនស្របតាមទីផ្សារដែលងាយរកការងារធ្វើនិងងាយក្លាយខ្លួនជាសហគ្រិនភាព»។  ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី៦ និងទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២នាក់ស្រី៧៣.២៧៨​នាក់ ចែកជា ២២៧មណ្ឌលប្រឡង ត្រូវជា ៥.៥៤៣បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេសនិងគណៈកម្មការនានានៅក្នុងដំណើរការសំណេរសរុប ២៩.៥២៥នាក់ក្នុងនោះទីស្តីការក្រសួង ៤.១២៦នាក់ និងរាជធានី ខេត្ត ២៥.៣៥៥នាក់​។  ថ្នាក់ដឹកនាំ មន្ដ្រី និងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសរុប៣.០៤០នាក់។ ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំយុវជន និងកីឡា៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង