ផ្លូវទៅមកលឿនភ្ញៀវទេសចរមិនសូវកក់បន្ទប់ស្នាក់នៅខេត្តព្រះសីហនុដូចមុន

ចាប់តាំងពីផ្លូវល្បឿនលឿនបើកឱ្យដំណើរការជាផ្លូវការ ភ្ញៀវទេសចរធ្វើដំណើរទៅមកលឿន មិនសូវកក់បន្ទប់ស្នាក់​នៅខេត្តព្រះសីហនុច្រើននោះទេ ពោលគឺភាគច្រើនធ្វើដំណើរកម្សាន្តវិលល្ងាច។ ប៉ុន្តែថ្ងៃបុណ្យទានធំៗ មានការកក់​បន្ទប់គ្មានសល់នោះទេ។ នេះជាការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។  លោក សុចិត្តគ្រឹស្នា បានថ្លែងប្រាប់កម្ពុជាថ្មីថា«ព្វថ្ងៃមានផ្លូវល្បឿនលឿនជិះតែ២ម៉ោងដល់ភ្នំពេញ ដូច្នេះភ្ញៀវ​ទេសចរមិនកក់បន្ទប់ស្នាក់នៅច្រើនដូចមុនទេ តែនៅពេលបុណ្យទានបន្ទប់យើងមានជាង១ម៉ឺនបន្ទប់ កក់ពេញ​ទាំងអស់»។  ទោះយ៉ាងភ្ញៀវទេសចរដើរលំហែកម្សាន្តចូលចិត្តស្នាក់នៅសណ្ឋាគារទំនើប ដូច្នេះលោក តាំង សុចិត្តគ្រឹស្នា ជំរុញឱ្យមាន​ការវិនិយោគលើវិស័យសណ្ឋាគារថ្មីៗបន្ថែមទៀត ដូចជា សណ្ឋាគារអាំងទែកង់ទីណង់តាល់ និងហៃយ៉ាត់ ជាដើម ដើម្បី​ទាក់ទាញទេសចរមកពីតំបន់អឺរ៉ុប និងអាមេរិក។  ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរក្នុងស្រុក មានការកើន​ឡើងខ្លាំង ខណៈដែលភ្ញៀវបរទេសមានតិចតួចនៅឡើយ។ បើតាមលោក តាំង សុចិត្តគ្រឹស្នា អាជ្ញាធរខេត្ត បាននិងកំពុង​ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់បរិស្ថានអនាម័យ បង្កើនគុណភាពផលិតផលសេវាកម្ម ដើម្បី​ទាក់​ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ។  សូមបញ្ជាក់ថា សេវាស្នាក់នៅខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានចំនួនជាង ៣០០ទីតាំង ក្នុងនោះសណ្ឋាគារមានជាង ១០០ ដោយមានបន្ទប់ជាង ១ម៉ឺនបន្ទប់ ក្រៅពីនេះមានផ្ទះសំណាក់ និងបឹងកាឡូ។ ដោយឡែកភ្ញៀវទេសចរ ចូលទៅ​កម្សាន្តនៅខេត្តព្រះសីហនុប្រមាណ ៤ម៉ឺន ទៅ ៥ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ដោយភាគ​ច្រើនជាទេសចរក្នុងស្រុក។ នេះជាការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង