ក្រសួងបរិស្ថានគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ នៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា

ក្រសួង​បរិស្ថានបន្ត​គាំ​ទ្រ​ចំពោះ​ការ​អភិវឌ្ឍ​សកម្មភាព​អេកូទេសចរណ៍ របស់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា សំដៅ​ពង្រឹង​ការ​ផ្សព្វផ្សាយ​ផ្សារ​ភ្ជាប់​ដំរី​ធម្មជាតិ និង​ជនជាតិ​ដើម ជំរុញ​វិស័យ​អេកូទេសចរណ៍​ខេត្ត​រតនគិរី។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ អ៊ាង សុផល្លែត នា​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។   នា​ទី​ស្តី​ការ​ក្រសួង​បរិស្ថាន​ ឆ្លើយ​តប​ការ​ស្នើ​សុំ​របស់​លោក​ស្រី ក្លេខៃ ចិន្តា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក អ៊ាង​ សុផល្លែត ​លើក​ឡើង​ថា ក្រសួង​បរិស្ថាននឹង​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​សកម្មភាព​អេកូទេសចរណ៍ និង​ជួយ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​និង​ការ​ផ្សារ​ភ្ជាប់​ដំរីធម្មជាតិ និង​ជនជាតិ​ដើម​។ មួយ​វិញ​ទេ​ក្រសួង​ក៏​នឹង​រៀប​ចំ​ពិនិត្យ​មើល​លទ្ធភាព ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​​តំបន់​ទេសចរណ៍​ដោយ​​របៀប​ណា ទៅ​ទិស​ដៅ​​ណា ហើយ​តភ្ជាប់​តំបន់​ទេសចរណ៍​ធម្មជាតិ​ណា​ខ្លះ​ទៀត។ មិន​តែ​ប៉ុណ្ណោះក៏​ដើម្បី​តភ្ជាប់​ជា​របៀង​ទេសចរណ៍​ធម្មជាតិ​​ផង និង​​បង្កើន​វិសាល​ភាព​តំបន់​ទេសចរណ៍​ធម្មជាតិ ដែល​អាច​បំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​កាន់​តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត​។   លោក​ស្រី ខៃ ចិន្តា បាន​គូស​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​សមាគម​អៃរាវត្តា​មាន​ដំរី​ចំនួន ៤ ក្បាល ក្នុង​នោះ​រួម​មាន ដំរីញី ១ ក្បាល ឈ្មោល ២ ក្បាល និង​កូន​ដំរី​ញី ១ ក្បាល​ទៀត​ឈ្មោះ ណូអែល ទេវី​ ផង​ដែរ​។  សូម​ជម្រាប​ថា សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តាបង្កើត​ឡើង​ក្នុង​គោល​បំណង លើក​កម្ពស់​ការងារ​បរិស្ថាន ធនធាន​ធម្មជាតិ អប់រំ​ស្រាវជ្រាវ វប្បធម៌​ប្រពៃណី​ខ្មែរ ដោយ​ផ្ដោត​លើ​ការងារ​សំខាន់​ចម្បង​ចំនួន ៣គឺ ទី១. ជួយ​កិច្ច​ការ​អភិរក្ស​ដំរី​​ស្រុក​នៅ​កម្ពុជា​ដែល​​ប្រឈម​នឹង​ការ​ផុតពូជ ទី២.ជួយ​លើក​កម្ពស់​វិស័យ​អេកូទេសចរណ៍​នៅ​​ក្នុង​តំបន់​​ធនធាន​ធម្មជាតិ និង​ទី៣.​បង្កាត់​​ពូជដំរី​ស្រុក​ឲ្យ​កើត​កូន​​កើត​ចៅ​បាន​កាន់​​តែ​ច្រើន៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង