ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលទៀតនៅអន្លង់កាំពី
រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា កូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវប្រទះឃើញនៅវេលាម៉ោង ១៣៖ ៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពីក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។ បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ២ម៉ោង ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF សង្កេតឃើញថា ពុំមានសកម្មភាពបំពានណាមួយពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតទើបនឹងកើតថ្មីនោះទេ។ សូមជម្រាបជូនដែរថា កូនផ្សោតកើតថ្មីនេះជាកូនផ្សោតទី៨ហើយ ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ ខណៈឆ្នាំ ២០២២ មានចំនួន ៦ ក្បាល។ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា គិតចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ខែតុលា ឆ្នាំ ២០២៣ មានផ្សោតចំនួន ៤ ក្បាលហើយបានស្លាប់បាត់បង់ជីវិត ខណៈ ៤ ឆ្នាំចុងក្រោយចាប់ពីឆ្នាំ ២០២០ មានផ្សោតសរុប ៣៣ ក្បាលបានស្លាប់បាត់បង់ជីវិត និងផ្សោតកើតថ្មីចំនួន ២៨ ក្បាល៕ សម្រួលដោយ ទៀង បុណ្ណរី