សូមប្រុងប្រយ័ត្ន​!​ ថ្ងៃនេះ​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​បាតុ​ភូត​ផ្គរ​រន្ទះ​នៅ​រាជធានី ​និង​ខេត្ត​​

រាជធានី​ភ្នំពេញ ​៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃ​ទី​៧ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៣​នេះ ​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​បាតុភូត​ផ្គរ​រន្ទះ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​មួយ​ចំនួន​ទៀត ​។   យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពីស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​លាត សន្ធឹង​មក​លើ​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ ខ្យល់ មូ សុង​ឦសាន​ខ្សោយ​។ ទន្ទឹម​នឹង​នេះ មាន​ចរន្ត​ខ្យល់​ក្តៅ​ហើយ​សើម​ពី​សមុទ្រ​ចិន​ខាងត្បូង​នឹង​បក់​ពី​ទិស​ខាងកើត និង​ទិស អាគ្នេយ៍​មក​លើ​ប្រទេស​កម្ពុជា ​។  ក្រសួង​ធនធាន​ទឹកបាន​លើក​ឡើង​ថា ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស នៅ​ថ្ងៃ​ទី​៧ ខែ វិច្ឆិកា ២០២៣ នៅ​តំបន់​វាលទំនាបសីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ​ និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣៤​អង្សា​សេ​ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន ទិស​ខាងកើត និង​ទិសអាគ្នេយ៍​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​។​  ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្ហូរ​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង ភូមិភាគ​ពាយ័ព្យ ភាគ​ខាងត្បូង និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ដែល​អាច​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី​១០% ទៅ ៣០%​។ ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បប រមា​ពី​២២-២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣៤​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិស​ខាងកើត​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​ ។   ​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្ហូរ​លើ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះ​វិហារ និង​ស្ទឹង​ត្រែង ដែល​អាច​គ្របដណ្តប់ លើ​ផ្ទៃដី​ពី​១០% ទៅ២០%​។ ដោយឡែក​ នៅ​តំបន់​មាត់​សមុទ សីតុណ្ហភាព​អប្ប បរមា​ពី​២៤-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣២​អង្សា​សេ ហើយ​ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិស​ខាងកើត​ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី ។​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ដែល​អាច​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី​២០% ទៅ​៣០%​។  ក្រ​សួងបាន​ឲ្យ​ដឹង​ទៀត​ថា ​ចំណែកឯ​នៅ​លើ​ផ្ទៃសមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​ខ្យល់​បក់​មក​ពី​ទិស​ខាងត្បូង និង​ទិស​ខាងកើត​ក្នុង​ល្បឿន​ពី​១-៣ ម៉ែត្រ​នាទី និង​រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥-១​ម៉ែ​ត​៕​​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង