ខួប ១ ឆ្នាំ មាន​យានយន្តជាង ៤ លាន ៦ សែន​គ្រឿង ប្រើប្រាស់ផ្លូវល្បឿនលឿនទៅ​ខេត្តព្រះសីហនុ

ក្នុងរយៈពេល ១ ឆ្នាំនេះ មានយានយន្តសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង​ បាន​ធ្វើ​ដំណើរនៅលើផ្លូវល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ។  បើតាមក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ ផ្លូវ​ល្បឿនលឿនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក​បទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។  នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នឹង​មាន​ការ​រៀបចំពិធីអបអរសាទរខួប ១ ឆ្នាំ នៃការ​ដាក់​ឲ្យដំណើរការ​ផ្លូវល្បឿន​លឿន​ភ្នំពេញ​ខេត្តព្រះសីហនុ នៅ​ទីតាំង​ស្ថានីយបង់ប្រាក់ទី ១ “ភ្នំពេញ” ក្រោមវត្តមាន​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។  ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បាន​បើក​ឲ្យដំណើរការ​កាលពី​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង