សិស្ស​ជាង​៨០០០​នាក់​ប្រឡង​បាក់​ឌុ​ប អ្នកខ្លះ​មុន​ប្រឡង​អុជ​ធូប​ថ្វាយ​ព្រះ​ឲ្យ​ជួយ​ប្រឡង​ជាប់

ខេត្តកំពង់ចាម ៖ បើ​ទោះបីជា​វិទ្យាសាស្ត្រ​មានការ​រីក​ចម្រើន​យ៉ាងណា​ក៏​ដោយ ជាមួយ​នោះ​ក៏​វិស័យ​ជំនឿ​សាសនា គឺ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ដែរ គឺ​មុន​ប្រឡង​គេ​ឃើញ​សិស្សានុសិស្ស​ទាំងប្រុស​ទាំងស្រី​នាំ​គ្នា​អុជ​ធូប​ថ្វាយបង្គំ​ព្រះ​ឲ្យ​ជួយ​ពួក​គេ​ប្រឡង​ជាប់​។ ហើយ​ចំពោះ​ការ​ប្រឡង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គេ​ក៏​ឃើញ​វត្តមាន​លោក ហេង វណ្ណ​នី អភិបាលរង​ខេត្ត និង​ឯកឧត្តម ឡៅ ឈី​វ​អ៊ា​វ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុ​​ករ​លួ​យ បាន​បើក​វិញ្ញាសារ​នៅ​មណ្ឌល​ប្រឡង​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​(​ជើង​) ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ​ដែរ ។  សម្រាប់​នៅ​ខេត្តកំពង់ចាម​ទាំងមូល គឺ​មាន​ចំនួន​១០​ស្រុក​-​ក្រុង មណ្ឌល​ប្រឡង​មាន​សរុប​ទាំងអស់​ចំនួន​១៤​កន្លែង ក្នុង​នោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​៥​មណ្ឌល និង​វិទ្យាសាស្ត្រ​សង្គម​ចំនួន​៩​មណ្ឌល ដែល​មាននៅ​តាម​បណ្ដា​ស្រុក​ដូច​ជា ៖ ជើងព្រៃ កំពង់សៀម និង​ក្រុង​កំពង់ចាម​។ ហើយ​បេក្ខជន បេ​ក្ខ​នារី ដែល​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប មាន​សរុប​ចំនួន​ជាង​៨០០០​នាក់​។ ជាមួយ​គ្នា​នោះ រាល់​ការ​ស្នាក់​នៅ​តាម​ផ្ទះសំណាក់ សណ្ឋាគារ និង​ផ្ញើ​កង់​-​ម៉ូតូ ត្រូវ​បាន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត យកចិត្តទុកដាក់​ដោយ​ចេញថ្លៃ​សេវា​ជូន​ដល់​សិស្ស​ទាំងអស់​ដោយ​ឥត​គិតថ្លៃ​។  បើ​តាម​យុវតី​ម្នាក់​ឈ្មោះ ឆ្លាំង ផេង អាយុ​១៨​ឆ្នាំ រៀន​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ហ៊ុន សែន កង​តា​ណឹ​ង ស្រុក​កងមាស បាន​រៀបរាប់​ទាំង​ញញឹម​ថា «​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួយ​ដល់​សិស្ស​នៅ​ក្នុង​វិទ្យាល័យ​របស់​នាង ដោយ​ប្រើប្រាស់​រថយន្តក្រុង​ដឹក​សិស្ស​ចេញពី​ស្រុក​កងមាស មក​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២៣​នេះ​។ ហើយ​សម្រាប់​ក្រុម​របស់​នាង​វិញ គឺ​មាន​គ្នា​ជាង​២០​នាក់ ដោយ​មាន​លោកគ្រូ អ្នកគ្រូ ចាំ​ជួយ​មើលថែ​រក្សា​ទៀត​ផង​»​។  យុវត្តី​ខាងលើ​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា «​សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី​១២ ប្រចាំ​ថ្នាក់​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ប្រចាំឆ្នាំ ចំពោះ​មុខ​វិជ្ជា ដែល​ត្រូវ​ប្រឡង​ក្នុង​នោះ រួម​មាន​៖ គណិត​វិទ្យា​រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា​និង​អក្សរសាស្ត្រ​ខ្មែរ​។ ហើយ​ចំពោះ​លទ្ធផល​ការ​ប្រឡង​នេះ នាង​រំពឹង​ថា នឹង​ប្រឡង​ជាប់ ហើយនឹង​ឈាន​ជើង​ទៅ​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​រាជធានី​ភ្នំពេញ​»​។  ចំណែក​យុវ​សិស្ស​ម្នាក់​ទៀត​មានឈ្មោះ មី លី​ហេង រៀន​ថ្នាក់​ទី​១២ «​ក​» មក​ពី​វិទ្យាល័យ​ហ៊ុន សែន ខ្ចៅ ស្រុក​កងមាស ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា «​គេ​ពិតជា​សប្បាយ​រីករាយ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ បាន​ជួយ​ជា​មធ្យោបាយ​ដឹក​សិស្ស​មក​ប្រឡង​នៅ​ក្រុង​កំពង់ចាម ដោយ​ក្នុង​នោះ​ក្រុម​របស់​គេ រួម​ជាមួយនឹង​មិត្ត​ភ​ក្កិ​២​នាក់​ទៀត​ក៏​បាន​មក​ដល់​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា និង​បាន​ទៅ​មើល​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ប្រឡង​នៅ​តាម​មណ្ឌល​ក្នុង​ក្រុង​កំពង់ចាម​»​។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង