ប្រើល្បិចរកទិញស្រាបៀរ បែរជាភ្ជ.ង់អ្នកលក់ចាប់ហួយប្រមូលយកអស់លុយ និងគ្រឿងអលង្ការ
ខេត្តកំពត ៖ មានករណីក្រុមចោរចំនួន២នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមបានប្លន់គំរាមបាញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ2023 នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ត្រីរងគ្រោះឈ្មោះសៅ សុភ័ក្ត្រ ជាអ្នកលក់ចាប់ហួយ និងប្តីឈ្មោះស សំបូរ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ស្ត្រីជាអ្នកលក់ចាប់ហួយរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរមានគ្នាចំនួន២នាក់ ម្នាក់ពាក់ម៉ាស់ ចំណែកម្នាក់ទៀតមិនបានពាក់ម៉ាស់ទេ បានចុះពីលើម៉ូតូហើយដើរសំដៅមករកគាត់ ដោយពួកគេនិយាយថារកទិញស្រាបៀរ។ គ្រាន់តែពួកគេនិយាយមិនទាន់ចប់ពីមាត់ផង ស្រាប់តែចោរម្នាក់បានដកកាំភ្លើងខ្លីពីចង្កេះ ហើយភ្ជង់គាត់មិនឱ្យស្រែក ប្រយត្ន័បាញ់សម្លាប់។ ពេលនោះគាត់បានដកទូរស័ព្ទចង់និយាយប្រាប់ប្ដីដែលដឹកអីវ៉ាន់ដាក់អោយម៉ូយដែរ តែក៏ត្រូវក្រុមចោរនោះវាយក្បាលគាត់មួយដៃ បណ្ដាលអោយហូរឈាមតាមច្រមុះ និងយកកាំភ្លើងវាយក្បាលគាត់ បណ្ដាលអោយឈាមជោកអាវថែមទៀត ។ ស្ត្រីរងគ្រោះបានបន្តថា ក្រុមចោរបានព្យាយាមដោះយកកងដៃប្លាទីនមួយតម្លឹងមួយជីដែរ តែដោះមិនបាន គាត់ក៏បានប្រាប់ចោរថាយកកន្ត្រៃកាត់កងដៃយកទៅចុះ ព្រោះគាត់ខ្លាចចោរបាញ់។បន្ទាប់ពីកាត់កងដៃបានហើយ ក្រុមចោរក៏បានប្រមូលលុយលក់ដូរអស់ និងបានទាញទ្វារបិទ រួចក្រុមចោរជិះម៉ូតូទៅទិសខាងត្បូងបាត់ ទើបម្ចាស់រត់តាមផ្លូវទ្វារក្រោយស្រែកអោយគេជួយ។ ភ្លាមៗនោះនគរបាលចុះមកដល់កន្លែងកើតហេតុសួរនាំដែរ តែពុំទាន់មានតម្រុយណាមួយពីក្រុមចោរនៅឡើយទេ ៕ សម្រួលដោយ ទៀង បុណ្ណរី