ចាប់ពីស្អែកដល់ថ្ងៃទី៧​វិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាក​​អាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងបាក់ឌុប

រាជធានីភ្នំពេញ៖​ រដ្ឋបាលរាជធានីភ្នំពេញ នឹងការផ្អាកអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)រយៈពេលបីថ្ងៃ ពោលគឺចាប់ថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។​​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣វិច្ឆិកាម្សិលមិញ…។  លិខិតដដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​​ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលចំនួនពីរថ្ងៃ គឺនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។​​ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើប្រព្រឹត្តទៅដោយរលូន និងជោគជ័យជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ នៅជុំវិញមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ។ ដូច្នេះ ​​បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង រួមមាន៖ ទី១- ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺណិត និងអាជីវកម្មលក់សម្ភារសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។  ទី២- ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។​​ ទី៣-ដោយឡែក ទីតាំងអាជីវកម្មផ្សេងទៀត ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។​​ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ ដោយសេចក្តីអនុគ្រោះក្រោយបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់​​ អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង