គ្រោះរញ្ជួយដីនៅនេប៉ាល់ឆក់យកអាយុជីវិតមនុស្សជិត៧០នាក់

យ៉ាងហោចណាស់មនុស្ស៦៩នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃសុក្រ ទី៣វិច្ឆិកា នៅពេលដែលគ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ភាគខាងលិចនៃស្រុកចាចារកុដ្ឋ Jajarkot  ខណៈផ្ទះនៅក្នុងតំបន់នេះ បានបាក់ផុងដួលរលំ និងរញ្ជួយញ័រដល់អគារជាច្រើនរហូតដល់ទីក្រុងញូដេលី ប្រទេសឥណ្ឌា…។  មជ្ឈមណ្ឌលជាតិរញ្ជួយដីរបស់ប្រទេសនេប៉ាល់បានអះអាងថា គ្រោះរញ្ជួយដីនេះមានកម្រិត៦,៤រ៉ិចទ័រ ប៉ុន្តែមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) ក្រោយមកបានបន្ទាបកម្រិតរិចទ័រមកត្រឹម៥,៧ ហើយការស្ទាបស្ទង់ភូគព្ភសាស្ត្រអាម៉េរិក បានកំណត់វាថាមានកម្រិត៥,៦រ៉ិចទ័រ។ មន្ត្រីក្នុងតំបន់បាននិយាយថា វាពិបាកណាស់ក្នុងការបង្កើតទំនាក់ទំនងនៅក្នុងតំបន់ក្បែរចំណុចកណ្តាលនៃរញ្ជួយដីនៅស្រុកចាចារកុដ្ឋ ដែលជាស្រុកភ្នំមានប្រជាជនចំនួន១៩ម៉ឺននាក់ និងភូមិដែលនៅរាយប៉ាយនៅតំបន់ភ្នំដាច់ស្រយាលមួយនេះ។ មន្ត្រីប៉ូលិសស្រុកចាចារកុដ្ឋ Jajarkot លោក ហារីស ចាន់ដ្រា ហ្សាម៉ា (Harish Chandra Sharma) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៤នាក់ត្រូវបានស្លាប់នៅក្នុងស្រុករបស់លោក ខណៈដែលនៅក្នុងស្រុករូគមខាងលិច Rukum West ដែលនៅជិតខាងនោះ មន្ត្រីប៉ូលិស ណាម៉ារាជ បាតារៃ (Namaraj Bhattarai) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានស្លាប់។ លោក បាតារៃ បាននិយាយថា៖«ក្រុមជួយសង្គ្រោះ និងស្វែងរកបានត្រួសត្រាយដើម្បីទៅដល់តំបន់ដែលរងផលប៉ះពាល់»។  នាយករដ្ឋមន្ត្រីនេប៉ាល់លោក ផុស្បា កាម៉លដាហាល (Pushpa Kamal Dahal) បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិនៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី ខណៈនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាឱ្យភ្នាក់ងារសន្តិសុខបើកប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះជាបន្ទាន់។ មន្ត្រីស្រុកចាចារកុដ្ឋ លោក ស៊ូរ៉េស ស៊ូណា (Suresh Sunar) បានប្រាប់រ៉យទ័រតាមទូរសព្ទថា យ៉ាងហោចណាស់មនុស្ស២០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯមន្ត្រីប៉ូលិស សាន់តូស រ៉ូកា (Santosh Rokka) បានប្រាប់រ៉យទ័រតាមទូរសព្ទថា៖«ផ្ទះបានស្រុតដួលរលំ។ ប្រជាជនបានប្រញាប់ប្រញាល់រត់ចេញពីផ្ទះរបស់ពួកគេ ខណៈហ្វូងមនុស្សស្លន់ស្លោភ័យខ្លាច»។  យោងតាម Reuters បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានអង្រួនអគារនានារហូតដល់ទីក្រុងញូដេលីប្រទេសឥណ្ឌាដែលមានចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ខណៈដែលអគារមួយចំនួនត្រូវបានជម្លៀសមនុស្សចេញ។ សូមរំឭកថា ក្នុងឆ្នាំ២០១៥ មនុស្សប្រហែល៩ពាន់នាក់បានស្លាប់ នៅក្នុងការរញ្ជួយដីចំនួនពីរនៅក្នុងប្រទេសនេប៉ាល់។ ទីក្រុងទាំងមូល ប្រាសាទដែលមានអាយុកាលរាប់សតវត្ស និងទីតាំងប្រវត្តិសាស្ត្រផ្សេងទៀតត្រូវបានប្រែក្លាយទៅជាកម្ទេចថ្ម និងគំនរបាក់បែក ដោយមានផ្ទះជាងមួយលានខ្នងត្រូវបានបំផ្លាញ បើសរុបមានតម្លៃប្រហែល៦ពាន់លានដុល្លារ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង