ក្រុមគ្រួសារលោក ទិត ភុំ ជាប្រជាពលរដ្ឋ បានប្រគល់រូបចម្លាក់តោថ្មចំនួន៦ជូនអាជ្ញាធរនិងមន្ទីរជំនាញ ដើម្បីយកមកអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ
កំពង់ស្ពឺ ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ និងសហការីបានចុះទៅធ្វើពិធីប្រគល់-ទទួលបដិមាតោថ្ម ចំនួន០៦រូប ដែលស្ថិតនៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ក្រោមការដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងវត្តមានលោក ព្រាប កុយវឌ្ឍនៈ អភិបាលក្រុងឧដុង្គម៉ែជ័យ និងសហការី អាជ្ញាធរសង្កាត់វាំងចាស់ ប្រជាពលរដ្ឋ និងអ្នករក្សាបដិមាតោថ្ម ក្នុងភូមិសាស្រ្ដខាងលើផងដែរ។ ចំពោះបដិមាតោថ្មទាំង០៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន២គឺ៖ ទី១.សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល អំឡុងសតវត្សរ៍ទី១៦) ជាសម័យកាលដែលជាងចម្លាក់និយមតែចម្លាក់ឈើ មិនសូវនិយមចម្លាក់ថ្ម ហើយចម្លាក់តោថ្មដែលដាក់លម្អតាមក្លោងទ្វារចូល ផ្ទះ វត្ត ចេតិយ ដែលបន្សល់មកតិចតួច គឺជាចម្លាក់បដិមាតោយកតាមគម្រូនៃសិល្បៈសម័យមុនអង្គរ។ និងទី២.បដិមាតោថ្មទាំង០៦នេះ ប្រហែលជាសិល្បៈចម្លាក់ ស្ថិតក្នុងរចនាបថ បាយ័ន? ប៉ុន្តែបើតាមស្ថានភាពនៃទម្រង់សិល្បៈចម្លាក់ទាំងនេះ ភាគច្រើនអាចជាស្នាដៃនៃសិល្បៈចម្លាក់បែបជនបទ ឬជាសិល្បៈចម្លាក់ដែលមានការវិវត្តជាបន្តពេលក្រោយៗមកទៀត ដែលយើងមើលទៅមិនមានក្បាច់លម្អតាមសិល្បៈចម្លាក់ដើម…។ គួរបញ្ជាក់ផងដែរថាបដិមាតោថ្មទាំង០៦នេះ ត្រូវបានលោក ទិត ភុំ និងក្រុមគ្រួសារ បានរក្សាទុកជាច្រើនឆ្នាំកន្លងមកហើយ។ ដោយសារតែលោកនិងក្រុមគ្រួសារ មានបំណងប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរក្សាទុកជាបេតិកភណ្ឌវប្បធម៌ជាតិទើបនៅថ្ងៃសុក្រនេះ ក្រុមការងាររបស់មន្ទីរបានទៅធ្វើពិធី-ប្រគល់ទទួល ដើម្បីយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តវិញ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះអាជ្ញាធរដែនដី ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់អាជ្ញាធរ មន្ទីរជំនាញ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ៕ សម្រួលដោយ ទៀង បុណ្ណរី