ព្រះសង្ឃ​មួយ​អង្គ​ចងក​ ​ក្រោយ​​សុំ​ញោម​​សឹក​មិន​​បាន​​សម្រេច

ខេត្តបាត់ដំបង ​៖ ព្រះសង្ឃ​មួយ​អង្គបាន​សម្រេច​ធ្វើ​អត្តឃាត​ដោយ​ចងក កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០១ វិច្ឆិកា នៅ​ចំណុច​ភូមិ​បាយដំរាំ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​ប្រភព​ខ្លះ​ថា សង្ឃ​អង្គ​នេះ​កំរោលចូល រីឯ​ប្រភព​ខ្លះ​ថា ខឹង​សុំ​ញោម​សឹក​មិន​បាន​ ។  មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​សម្រេច​ធ្វើ​អត្តឃាត​ព្រះ​នាម ផា​ន់ សុ​ភី អាយុ​២៤​ឆ្នាំ គង់នៅ​វត្ត​ស្វាយ​ប្រគាប ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ​។ សង្ឃ​អង្គ​នេះ ​បាន​យក​ចំរៀក​ស្បង់ ចង.ក​ជាប់​នឹង​ដើម​ដង្កោ​នៅ​កណ្ដាល​វាលស្រែ ចម្ងាយ​ពី​វត្ត​ប្រហែល​៣០០​ម៉ែត្រ​ ។  លោក ស៊ី​ម ពិ​ទូ នាយ​ប៉ុ​ស្ដិ៍​​នគរបាលឃុំ​ឈើទាលបាន​ឲ្យ​ដឹង​ថា សព​ភិក្ខុ ផា​ន់ សុ​ភី ត្រូវ​បាន​គេ​រក​ឃើញ​ចងក​នៅ​លើ​ដើមឈើ ត្រង់​ចំណុច​ខាងលើ ក្រោយ​ពី​សាចញាតិ​ដើរ​រក​ជា​ច្រើន​ម៉ោង​មិន​ឃើញ​។ លោក​បាន​និយាយ​ថា បើ​តាម​ការ​អះអាង​ពី​ក្រុម​គ្រួសារ​ថា ពេល​ខ្លះ ​ភិក្ខុ​អង្គ​នេះ ធ្លាប់​មាន​អាកា​រៈ​ដូច​កំរោលចូល​ ។  មុន​ពេល​កើតហេតុ ព្រះ​អង្គ​បាន​ព្យាយាម​សុំ​ឪពុក​ម្ដាយ​សឹក តែ​ត្រូវ​ឪពុក​បដិសេធ​ថា មិន​សឹក​ទេ រហូត​មានការ​ប្រទាំង​ប្រ​ទឹសគ្នា ​។ លោកនាយ​ប៉ុ​ស្ដិ៍​បាន​ប្រាប់​ថា ក្រោយ​ពី​ឪពុក​រារាំង​មិន​ឲ្យ​សឹក ភ្លាម​ៗ​នោះ ​ស្រាប់តែ​សង្ឃ​អង្គ​នេះ​ ហាក់​ខឹង​ខ្លាំង​ក៏​ចេញ​អាកា​រៈ​កំរោលចូល ហើយ​បងប្អូន​តាម​ដេញចាប់ តែ​ក្រោយមក​ក៏​បាត់​មិនឃើញ​លោក​នៅ​ក្នុង​វត្ត​ឡើយ​ ។ ពេល​នេះ ​ក្រុម​គ្រួសារ បាន​ព្យាយាម​ដើរ​រក តែ​រក​ឃើញ លុះ​ពេល​ប្រទះ​ឃើញ បែរជា​សង្ឃ​អង្គ​នេះ​ចងក​ស្លាប់​នៅ​លើ​ដើម​ដង្កោ​បាត់​ទៅ​ហើយ​។   បើ​តាម​ប្រវត្តិ​ខ្លះ ដែល​ក្រុម​គ្រួសារ​បានដឹង​ប៉ុន្មាន​ឆ្នាំ​មុន ភិក្ខុ ផា​ន់ សុ​ភី ធ្លាប់​បួស​នៅ​វត្ត​មួយ​នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ​។ កាលនោះ​ ចៅអធិការ​ប្រចាំ​វត្ត​នោះ ហាម​មិន​អនុញ្ញាត​ឱ្យ​​ភិក្ខុ ផា​ន់ សុ​ភី មន្ត​ចេញ​បិណ្ឌ​ដូច​សង្ឃ​ដទៃ​ទេ ដោយសារ​តែ​ភិក្ខុ​អង្គ​នេះ ​មាន​អាកា​រៈ​កំរោលចូល ហើយ​អាច​បង្ក​បញ្ហា​ពេល​មន្ត​បិណ្ឌ ​។ ក្រោយមក ​លោក​ក៏​មន្ត​មក​គង់នៅ​ «​វត្ត​ស្វាយ​ប្រគាប​» ​ខាងលើ ក៏​មានរឿង​នេះ​កើតឡើង​តែ​ម្ដង ​។  នេះ​បើ​តាម​លោក ស៊ី​ម ពិ​ទូ មេ​ប៉ុ​ស្ដិ៍​ឈើទាល​ដែល​បានការ​បំភ្លឺ​ខ្លះ​ៗ​ពី​ក្រុម​គ្រួសារ​ ។ យ៉ាងណា ក្រោយ​មន្ត្រី​ជំនាញ​សួរនាំ និង​ត្រូ​ត​ពិនិត្យ សាកសព​ភិក្ខុ ផា​ន់ សុ​ភី ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ ៕ ​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង