ប្រុងប្រយ័ត្ន! ៣ថ្ងៃនេះ នៅរាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តជាប់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី ១០% ទៅ ២០%។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ទៀតថា រីឯនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើត ជាប់នឹងប្រទេសវៀតណាម ព្រមទាំងតាមបណ្ដាខេត្តជាប់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម និងមានលាយឡំផ្គរ និងរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី ៣០% ទៅ ៤០%៕ សម្រួលដោយ ទៀង បុណ្ណរី