អាជីវករលក់ដូរតាមជួរមាត់ទន្លេសេកុងចូលលក់ទីតាំងផ្សារថ្មីមានតូប ១៨០

ដោយមើលឃើញថាអាជីវករលក់ដូរតាមជួរមាត់ទន្លេសេកុងពុំទាន់មានសណ្ដាប់ធ្នាប់របៀបរៀបរយ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន អាជ្ញាធរស្រុកសៀមប៉ាងបានសហការជាមួយវិស័យឯកជនសាងសង់ផ្សារថ្មីមួយកន្លែងរួចរាល់ និងប្រកាស ឱ្យបងប្អូនអាជីវករចូលលក់ទីតាំងផ្សារថ្មីជំនួសវិញ។   លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ចាក់ថា៖ អាជ្ញាធរស្រុកសំណូមពរដល់បងប្អូនអាជីវករទាំងអស់ដែលលក់ដូរនៅតាមជូរមាត់ទន្លេត្រូវចាក់ចេញនៅថ្ងៃទី ០៥ វិច្ឆិកា ដោយគោរពតាមការណែនាំរបស់គណៈបញ្ជាការឯកភាពស្រុកដើម្បីបង្កលទ្ធភាពឱ្យគណកម្មការសណ្តាប់ធ្នាប់រៀបចំទីតាំងបានស្អាត សម្រាប់ប្រជាពលរដ្ឋយើងមកទស្សនាការប្រណាំង​ទូកងនៅថ្ងៃទី ០៩ វិច្ឆិកាខាងមុខនេះ។  លោកអភិបាលស្រុកបញ្ជាក់បន្ថែមថាអាជ្ញាធរចង់ឃើញបងប្អូនអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ  និងមានសណ្តាប់ធ្នាប់បង្ហាញពីជំហ៊រួមគ្នាក្នុងការរៀបចំផ្នែកបរិស្ថានឱ្យបានល្អ ទីរួមស្រុកមានសោភណ្ឌភាព និងទាក់ទាញភ្ញៀវទេសចរមក​លេងកម្សាន្តផងដែរ។   លោក សំ ប៊ុនធិន អភិបាលរងស្រុកទទួលបន្ទុកការងាររៀបចំសណ្តាប់ធ្នាប់បានសម្តែងការសាទរជាមួយបងប្អូនយើង  ប្រមាណជាង៧០% ដែលបានរុះរើផ្ទះសម្បែង និងតូបលក់ដូរចេញពីតំបន់នេះទៅទីតាំងថ្មី ហើយនៅសេសសល់តិចតួចនេះសូមឱ្យអនុវត្តតាមកិច្ចសន្យា និងការណែនាំ ដើម្បីយើងចូលរួមធ្វើឱ្យទីរួមស្រុកកាន់តែទទួលបានការគាំទ្រពីភ្ញៀវទេសចរដែលបានមកដល់ទីរួមស្រុកសៀមប៉ាងរបស់យើង។  លោកស្រីម៉ីដានី អាជីវករលក់ដូរនៅភូមិសៀមប៉ាងបានគាំទ្រដល់ការខិតខំរៀបចំរបស់អាជ្ញាធរ ហើយលោកស្រីនឹងនាំគ្នាទៅលក់ដូរនៅកន្លែងផ្សារថ្មី ដែលលោកអភិបាលស្រុកបានរៀបចំឡើង។  លោកស្រីថា៖ យន្តការដោះស្រាយនេះបានបង្ហាញឱ្យឃើញពីភាពវិវឌ្ឍន៍ឡើងធ្វើឱ្យទីរួមស្រុកកាន់តែមានសណ្តាប់ធ្នាប់ល្អ ដែលប្រជាពលរដ្ឋយើងកំពុងចង់បាន។   លោកស្រីជាងស៊ីម៉េង ម្ខាស់វិនិយោគផ្សារសៀមប៉ាងសង្ឃឹមថា៖តាមការយល់ដឹងនេះ បងប្អូនយើងនិងស្រុះស្រួលគ្នាមកលក់ដូរនៅផ្សារថ្មីទាំងអស់គ្នា ព្រោះផ្សារថ្មីនេះបានកើតចេញពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង បានរួមសាមគ្គីគ្នាធ្វើឱ្យមានការអភិវឌ្ឍឡើង ដែលយើងអាចនិយាយបានថាមានសន្តិភាពមានអ្វីៗទាំងអស់។  សូមបញ្ចាក់ថា៖ ផ្សារថ្មីនៅស្រុកសៀមប៉ាងមានទំហំ បណ្តោយ១៣០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងមានតូបលក់ដូរ១៨០តូប -ទីតាំងសម្រាប់ប្រជាកសិករមកពីភូមិឃុំ សម្រាប់លក់ ត្រីសាច់ បន្លែបង្ការជាលក្ខណៈគ្រួសារចំនូន៧២កន្លែងផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង