ធនាគារពិភពលោក៖ អាកាសធាតុប្រែប្រួលអាចមានឥទ្ធិពលមិនល្អថែមទៀត ដល់សេដ្ឋកិច្ចកម្ពុជា

ការព្យាករណ៍អាកាសធាតុបង្ហាញថា ទឹកជំនន់ និងការកើនឡើងនៃកម្តៅនៅថ្ងៃខាងមុខ នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចកម្ពុជាកាន់តែអាក្រក់ទៅៗ ប្រសិនបើគេមិនចាត់វិធានការរកដំណោះស្រាយត្រឹមត្រូវណាមួយ ទៅលើផលប៉ះពាល់ទាំងនេះទេ។ នេះ​បើ​តាម​របាយការណ៍​អាកាសធាតុ និង​ការ​អភិវឌ្ឍ​​កម្ពុជា​របស់​ធនាគារ​ពិភពលោក ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារទី៣១តុលា ឆ្នាំ២០២៣។  របាយការណ៍ដដែលបានរៀបរាប់ថា៖«បើគ្មានវិធានការសម្របខ្លួន និងកាត់បន្ថយហានិភ័យបានត្រឹមត្រូវទេ ការប្រែប្រួលអាកាសធាតុអាចប៉ះពាល់រហូតដល់ទំហំ៩ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅឆ្នាំ២០៥០ ហើយវានឹងទៅរុញឱ្យភាពក្រីក្រកើនឡើងរហូតដល់៦ភាគរយនៅឆ្នាំ២០៤០»។ ប្រទេស​កម្ពុជា​ ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ​ ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ហើយរបាយការណ៍​បានបន្ថែម​ថា ​ភាព​ប្រែប្រួល​នៃ​របប​ទឹកភ្លៀង​កំពុង​​បង្ក​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​កាន់​តែ​ញឹកញាប់ ខណៈពេលដែលភ្លៀងរដូវវស្សាបានចូលមកដល់ តែបែរជាមាន​ទឹក​ជំនន់​កាន់​តែ​ញឹកញាប់ និង​ខ្លាំងក្លាទៅវិញ។ ជាក់ស្តែងរបាយការណ៍បានកត់សម្គាល់ ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរកាលពីឆ្នាំ២០១៥ និង២០១៦ បានប៉ះពាល់ដល់ខេត្តចំនួន១៨ ក្នុងចំណោម២៥ខេត្តក្រុង និងប៉ះពាល់ដល់ប្រជាជនជាង២,៥លាននាក់។ ក្នុងនោះការខាតបង់ផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតទាក់ទងនឹងបាតុភូត El Nino ក្នុងឆ្នាំ២០១៩ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់១០០លានដុល្លារអាម៉េរិក។ គួរបញ្ជាក់ថា នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្តចំនួន១៤ ជាមួយនឹងគ្រួសារចំនួន៨ម៉ឺន៥ពាន់រងផលប៉ះពាល់ និងការបាក់ដីដែលនាំឱ្យមានការជម្លៀសប្រជាជនចំនួន៥ពាន់គ្រួសារ។  គួរជម្រាបថា កម្ពុជាបានសន្យាថា នឹងសម្រេចបាននូវអព្យាក្រិតកាបូនត្រឹមឆ្នាំ២០៥០។ ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតានេះ គឺទាមទារឱ្យមានការផ្លាស់ប្ដូរជាច្រើន រួមមាន៖ ការកាប់បំផ្លាញព្រៃឈើ កែប្រែវិស័យថាមពល ការដឹកជញ្ជូន និងឧស្សាហកម្មទៅរកការបញ្ចេញកាបូនទាប។ របាយការណ៍ធនាគារពិភពលោកបានកត់សម្គាល់ពីកត្តាអំណោយផលដែរថា ការចំណាយកាន់តែថោកទៅលើបច្ចេកវិទ្យាថាមពលស្អាតទូទាំងពិភពលោក រួមទាំងថាមពលពន្លឺព្រះអាទិត្យ បង្ហាញពីឱកាសបន្ថែមទៀតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ក្នុងការសម្រេចឱ្យបានអព្យាក្រិតកាបូន។ ជាក់ស្តែង តម្លៃបន្ទះសូឡានៅកម្ពុជា​បានធ្លាក់ចុះអស់ជិត១៣ភាគរយហើយ ចាប់ពីឆ្នាំ២០១៦មក ខណៈតម្លៃរបស់វាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ​បន្ថែមទៀត។ នេះជាការបើកផ្លូវដល់កម្ពុជា ក្នុងការប្រើ​ប្រាស់ថាមពលបៃតងកាន់តែច្រើន៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង