គួរឲ្យសង្វេកណាស់ជនអនាថាម្នាក់ត្រូវរថភ្លើងបុកស្លាប់នៅស្រុកមោងប្ញស្សី
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលពុំមានអ្នកស្គាល់អត្តសញ្ញាណត្រូវរថភ្លើងបុកស្លាប់ កាលពីល្ងាចថ្ងៃទី៣១ តុលា ស្ថិតនៅលើកំណាត់ផ្លូវដែក ក្នុងភូមិរលួស ឃុំមោង ស្រុកមោងឬស្សី ដោយពុំមានអ្នកដឹងមូលហេតុនៅឡើយទេ ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសចំណាស់នោះ មានស្ពាយកាបូបមួយ ពណ៌ខ្មៅ ពាក់ស្បែកជើងផ្ទាត់ ត្រូវរថភ្លើងបុកស្លាប់ខ្ទាតចេញពីផ្លូវដែក។ ពុំមានអ្នកស្គាល់អត្តសញ្ញាណបុរសនោះទេ ហើយក៏ពុំមានអ្នកដឹងពីមូលហេតុ ដែលនាំឲ្យរថភ្លើងបុកដែរ។ នាយប៉ុស្តិ៍រដ្ឋបាលឃុំមោង លោក អោក សុភ័ក្រ បានឲ្យដឹងថា ករណីជនរងគ្រោះខាងលើ ពុំមានអ្នកដឹងពីមូលហេតុ ហើយក៏ពុំមានអ្នកស្គាល់ពីប្រវត្តិ ឬសាវតាដែរ ។ លោកមេប៉ុស្ដិ៍បានប្រាប់ថា ក្រោយកើតហេតុ លោកបានធ្វើការស្រាវជ្រាវពីប្រវត្តិជនរងគ្រោះ ហើយមានកម្មកររថភ្លើងបាននិយាយថា មុនកើតហេតុមួយថ្ងៃគេប្រទះឃើញ ជនរងគ្រោះស្ពាយសាក់ការដូដើរតាមផ្លូវរថភ្លើងចេញពីស្រុកគាស់ក្រឡ ឆ្ពោះមកកាន់ស្រុកមោងប្ញស្សី ។ ប៉ុន្តែនៅល្ងាចថ្ងៃកើតហេតុ ស្រាប់តែបុរសនេះត្រូវរថភ្លើងបុកស្លាប់នៅចំណុចខាងលើ។ លោក អោក សុភ័ក្រ បានបញ្ជាក់ថា បើតាមការពិនិត្យលើស្ថានភាពជនរងគ្រោះ បុរសនេះជាមនុស្សអានាថា តែមិនមែនជាមនុស្សមានសតិមិនប្រក្រតីទេ។ បើពិនិត្យនៅចំណុចកើតហេតុ បុរសនេះទំនងដោះខោអាវចុះងូតទឹក ព្រោះឃើញទុកកាបូបស្ពាយ និង ស្បែកជើងក្បែរផ្លូវដែក។ បុរសនេះទំនងឡើងពីងូតទឹក ស្របពេលរថភ្លើងមកដល់ក៏ជ្រុលដួល ហើយត្រូវរថភ្លើងបុកខ្ទាតធ្លាក់ពីផ្លូវដែកបណ្ដាលឲ្យស្លាប់តែម្ដង ។ យ៉ាងណាក្ដី បើតាមលោកមេប៉ុស្ដិ៍បានបញ្ជាក់ថា ក្រោយកើតហេតុ លោកបានធ្វើការស្រាវជ្រាវទៅកាន់អាជ្ញាធរស្រុកគាស់ក្រឡភ្លាមៗ ដើម្បីស្រាវជ្រាវរកសាវតាជនរងគ្រោះ តែមិនទាន់ទទូលបានដំណឹងនៅឡើយទេ៕ សម្រួលដោយ ទៀង បុណ្ណរី