ផ្ទះពលរដ្ឋជិត៣០០ខ្នង ក្នុងតំបន់អាងកំពីងពួយរងការជន់លិចដោយជំនន់ទឹកភ្លៀង
ខេត្តបាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋចំនួន២៧១ខ្នង រួមទាំងផលដំណាំជាង១០០ហិកតា នៅតំបន់អាងកំពីងពួយត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារភ្លៀងបន្តធ្លាក់ជាប់ៗគ្នាបង្កជាជំនន់ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង…។ លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា គិតចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១តុលា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ទឹកមានការកើនឡើង ទើបអាជ្ញាធរសម្រេចបិទទ្វារតម្កល់ទឹកអាងកម្ពស់ទឹក២៤,៥១ម៉ែត្រ ខណៈក្នុងផែនការបម្រុងទុកចំនួន២០០លានម៉ែត្រគូប ជាហេតុបណ្ដាលឱ្យទឹកឡើងលិចប៉ះពាល់ភូមិឋាន ផ្លូវ និងដំណាំរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនេះតែម្ដង។ ចំពោះទំហំនៃការប៉ះពាល់សរុបមានផ្ទះពលរដ្ឋចំនួន២៧១ខ្នង ស្មើនឹង៣៥០គ្រួសារ ក្នុងនោះជម្លៀសសត្វគោ-ក្របីចំនួន២០៥ក្បាល,ប៉ះពាល់ផ្លូវបេតុង១កន្លែងប្រវែង១២០០ម៉ែត្រ, ផ្លូវគ្រួសក្រហមចំនួន៦កន្លែង, លូ២កន្លែង, ដំណាំស្រូវចំនួន១០៥ហិកតា និងដំណាំរួមផ្សំចំនួន១៣ហិកតា បានខូចខាតទាំងស្រុង។ លោកអភិបាលស្រុកដដែលបានបន្តលើកឡើងថា ស្ថានភាពទឹកបច្ចុប្បន្ននៅនឹងដដែល ពោលគឺពុំមានការស្រកចុះនៅឡើយទេ ជាហេតុធ្វើឱ្យពលរដ្ឋ ក៏ដូចជាសិស្សានុស្សិសពិបាកក្នុងការធ្វើដំណើរជាខ្លាំង ហើយបច្ចុប្បន្នអាជ្ញាធរក្នុងតំបន់ បាននិងកំពុងរាយការណ៍ជូនថ្នាក់ដឹកនាំ ឯកឧត្តមអភិបាលខេត្ត ដើម្បីពិនិត្យបញ្ហានេះបន្តទៀត៕ សម្រួលដោយ ទៀង បុណ្ណរី