សេដ្ឋកិច្ចអ៊ីស្រាអែល អាចប្រើពេលយូរដើម្បីងើបឡើងវិញ បន្ទាប់ពីសង្គ្រាមជាមួយក្រុមហាម៉ាស
ទើបតែខែមុនសោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេថាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្យាករពីសករាជថ្មីនៃសន្តិភាព និងវិបុលភាពនៅមជ្ឈិមបូព៌ា ដោយផ្អែកលើកំណើននៃការទទួលយកអ៊ីស្រាអែលនៅក្នុងតំបន់។ តែដោយសារពេលនេះ សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ឈានដល់សប្តាហ៍ទីបួន ការរំពឹងទុករបស់អ៊ីស្រាអែលកំពុងរសាត់ទៅម្ដងបន្តិចៗ។ ការកេណ្ឌទ័ពបម្រុងចំនួន៣សែន៦ម៉ឺននាក់ និងការជម្លៀសប្រជាជនអ៊ីស្រាអែលចំនួន២សែន៥ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ បានធ្វើឱ្យអាជីវកម្មជាច្រើនបិទទ្វារ។ ជាក់ស្តែង ភោជនីយដ្ឋាន និងហាងលក់ទំនិញ មានសភាពទទេស្អាតប្រៀបដូចកន្លែងគេបោះបង់ចោល។ ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរភាគច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល ហើយអ្នកទេសចរបានលុបចោលការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះផងដែរ។ កន្លែងឧស្ម័នធម្មជាតិសំខាន់មួយក៏ត្រូវបានបិទដែរ កសិដ្ឋានក៏ត្រូវបានបំផ្លាញ កង្វះខាតកម្មករ និងអាជីវកម្មទាំងអស់ បានប៉ះពាល់ដល់ការងារកម្មកររាប់ម៉ឺននាក់។ សេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានស្ទុះងើបឡើងវិញបន្ទាប់ពីសង្គ្រាមកាលពីឆ្នាំ២០២២ ជាមួយក្រុមហាម៉ាស ប៉ុន្តែសង្គ្រាមលើកនេះ អាចអូសបន្លាយប្រហែលជាច្រើនខែជាងមុន ដោយសារតែបេសកកម្មរបស់ក្រុងហ្ស៊េរុសសាឡិម គឺដើម្បីបោសសម្អាតក្រុមហាម៉ាស មិនមែនគ្រាន់តែទប់ស្កាត់ពួកសកម្មប្រយុទ្ធនោះទេ។ ជាក់ស្តែង កំណើនកម្តៅនៃភ្លើងសង្គ្រាមបង្ហាញពីការគំរាមកំហែង និងផលប៉ះពាល់យូរអង្វែងដោយហេតុថា អ៊ីស្រាអែលបានប៉ះទង្គិចប្រដាប់អាវុធជាមួយសកម្មជនបីក្រុមទៀតខ្លះៗដែរ ពោលគឺក្រុមឧទ្ទាមនៅ លីបង់ តំបន់វេសប៊ែង និងនៅប្រទេសស៊ីរី។ ការបង្កជម្លោះជាមួយច្រើនប្រទេស ច្រើនក្រុមបែបនេះ ក្នុងរយៈពេលយូរ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិបាកងើបឡើងវិញជាងសង្គ្រាមកាលពីមុន។ សូម្បីតែមុនពេលសង្រ្គាមក៏ដោយ សេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានប្រឈមនឹងវិបត្តិដោយសារតែសំណើដ៏ចម្រូងចម្រាសរបស់លោក ណេថាន់យ៉ាហ៊ូ ក្នុងការកាត់បន្ថយអំណាចរបស់ប្រព័ន្ធតុលាការ។ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានបង្ហាញផែនការជំនួយសេដ្ឋកិច្ចដែលរួមបញ្ចូលជំនួយចំនួន១ពាន់លានដុល្លារសម្រាប់អាជីវកម្មដែលរងគ្រោះដោយសង្រ្គាម។ យ៉ាងណា ក្រុមអ្នករិះគន់លើកឡើងថា ជំនួយនេះមិនជួយអ្វីបានច្រើននោះទេ ហើយបានទាមទារឱ្យមានការប្តូរទិសដៅនៃប្រាក់រាប់ពាន់លានដុល្លារ ដែលបានបែងចែកទៅឱ្យគម្រោងក្រោមកិច្ចព្រមព្រៀងចម្រុះ។ នៅសប្តាហ៍នេះ អ្នកសេដ្ឋកិច្ចឈានមុខគេចំនួន៣០០នាក់ បានអំពាវនាវដល់លោក ណេថាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បេហ្សាឡេល ស្មូតទ្រីច (Bezalel Smotrich) ឱ្យភ្ញាក់ខ្លួនឡើង។ ពួកគេបានលើកឡើងនៅក្នុងសំបុត្រមួយថា ការវាយប្រហារយ៉ាងធ្ងន់ធ្ងរដែលអ៊ីស្រាអែលជួបប្រទះ ទាមទារឱ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាននៅក្នុងអាទិភាពជាតិ និងការបញ្ជូនមូលនិធិឡើងវិញដ៏ធំ ដើម្បីដោះស្រាយការខូចខាតសង្រ្គាម ជំនួយដល់ជនរងគ្រោះ និងការស្តារសេដ្ឋកិច្ចឡើងវិញ។ ពួកគេក៏បានព្យាករថា ការចំណាយក្នុងសម័យសង្រ្គាមនឹងកើនឡើងដល់ខ្ទង់រាប់ពាន់លានដុល្លារ។ បច្ចុប្បន្ន រូបិយបណ្ណក្នុងស្រុកបានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ ខណៈដែលសន្ទស្សន៍ភាគហ៊ុនគោលបានធ្លាក់ចុះប្រហែល១០ភាគរយនៅឆ្នាំនេះ។ ឧស្សាហកម្មបច្ចេកវិទ្យា ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែល បានចាប់ផ្តើមចុះទ្រុឌទ្រោម ចាប់តាំងតែពីមុនមានសង្គ្រាម។ ធនាគារកណ្តាលរបស់អ៊ីស្រាអែល បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៣ ពី៣ភាគរយ មកនៅត្រឹម ២,៣ភាគរយ៕ សម្រួលដោយ ទៀង បុណ្ណរី