អ៊ីស្រាអែលសម្រុកវាយ​ប្រហារ​ស៊ីរី និងលីបង់ ជាការសងសឹក

អ៊ីស្រាអែល ​បានសម្រុកវាយ​ប្រហារ​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ក្នុង​ប្រទេស​ស៊ីរី និង​លីបង់ ​ចំពេល​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​វាយលុក​របស់​ប្រទេសនេះ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស​ អាច​ធ្វើឱ្យមាន​ជម្លោះ​កាន់​តែ​ទូលំទូលាយ​នៅ​ទូទាំង​មជ្ឈិមបូព៌ា។  យោធាអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃចន្ទទី៣០ ខែតុលានេះថា យន្តហោះរបស់ខ្លួនបានវាយប្រហារប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនៅក្នុងប្រទេសស៊ីរី និងក្រុមហេ្សសបូឡាហ៍ក្នុងប្រទេសលីបង់ ដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតមុនៗចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ យ៉ាងណា មន្ត្រី​យោធា​អ៊ីស្រាអែល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការ​វាយ​ប្រហារ​ និងចំនួនអ្នកស្លាប់ និងរបួស​ដែល​អាច​កើត​មានឡើយ។ យោធារបស់អ៊ីស្រាអែល បានចូលរួមនៅក្នុងការប្រយុទ្ធឆ្លងព្រំដែនជាមួយក្រុមប្រដាប់អាវុធលីបង់ ដែលមានឈ្មោះថា ក្រុមហេ្សសបូឡាហ៍ ហើយបានបើកការវាយឆ្មក់តាមអាកាសម្ដងហើយម្ដងទៀតលើប្រទេសស៊ីរី ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមលើក្រុមហាម៉ាស។ សហរដ្ឋអាម៉េរិកក៏បានធ្វើការវាយប្រហារលើប្រទេសស៊ីរី ជាការឆ្លើយតបទៅនឹងការកើនឡើងយ៉ាងខ្លាំងនៃការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកមកលើកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលខ្លួនបានស្ដីបន្ទោសទៅលើក្រុមប្រូកស៊ីដែលគាំទ្រដោយអ៊ីរ៉ង់។  កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនបានវាយប្រហារលើមូលដ្ឋានចំនួនពីរនៅក្នុងប្រទេសស៊ីរី ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ចូ បៃឌិន បានសន្យាថា នឹងឆ្លើយតបទៅនឹងការវាយប្រហារលើកងកម្លាំងយោធាអាម៉េរិក។ ជុំវិញបញ្ហានេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានព្រមានអំពីការកើនឡើងក្នុងតំបន់ ប្រសិនបើអ៊ីស្រាអែលបន្តសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស ដោយបាននិយាយកាលពីដើមខែនេះថា ប្រជាជនម៉ូស្លីម និងកងកម្លាំងតស៊ូនឹងអស់ភាពអត់ធ្មត់ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់ពួកគេបានឡើយ។ បន្ថែមលើនោះ កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ជម្លោះអាចនឹងផ្ទុះឡើងហួសពីព្រំដែននៃមជ្ឈិមបូព៌ា ប្រសិនបើអ៊ីស្រាអែលមិនបញ្ចប់ការទម្លាក់គ្រាប់បែករបស់ខ្លួនលើតំបន់ហ្កាហ្សា។ ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅក្នុងបទសម្ភាសជាមួយ ABC News ថាមានហានិភ័យពិតប្រាកដនៃសង្រ្គាមដែលកើនឡើងទៅជាជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។  ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀ-អាប់ឌុលឡាហាន (Hossein Amir-Abdollahian) បានប្រាប់សារព័ត៌មាន CNN ថា ប្រទេសរបស់លោកមិនចង់ឃើញសង្រ្គាមរីករាលដាលទេ ហើយថាវាជាអំពើខុសឆ្គងទាំងស្រុងសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលស្ដីបន្ទោសទីក្រុងតេហេរ៉ង់ចំពោះការវាយប្រហារលើកងកម្លាំងរបស់ខ្លួន ទាំងមិនមានភស្តុតាងអ្វីទាំងអស់។ អ៊ីរ៉ង់​ដែល​គាំទ្រ​ទាំង​ក្រុម​ហាម៉ាស និង​ក្រុម​ហេសបូឡាស៍ បាន​បដិសេធ​រាល់​តួនាទី​ក្នុង​ការ​វាយ​ប្រហារ​ថ្ងៃ៧ តុលា របស់​ក្រុម​ហាម៉ាស​លើ​អ៊ីស្រាអែល ខណៈមន្ត្រី​អាម៉េរិក និង​អ៊ីស្រាអែល​បាន​និយាយ​ថា ពួកគេ​មិន​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​ជាប់​ពាក់ព័ន្ធ​របស់អ៊ីរ៉ង់ក្នុងសង្គ្រាមនេះទេ។ យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្តល់​ការ​អបអរ​សាទរ​ដល់​ក្រុម​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន ដោយ​ពណ៌នា​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់​ផ្អើល​ថា​ជា​ជ័យ​ជម្នះ​សម្រាប់ការ​តស៊ូ​ប្រឆាំង​នឹង​ជនជាតិជ្វីហ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង