ឈ្មួញជួញឈើប្រើល្បិចថ្ពិនភ្នែកសមត្ថកិច្ច ដឹកឈើអុសស្វាយចន្ទី លួចបង្កប់ឈើឃ្លុំសុក្រំបម្រុងឆ្លងដែនទៅលក់នៅវៀតណាម

ខេត្តក្រចេះ៖ កម្លាំងបញ្ជាការឯកភាពស្រុកស្នួល សហការជាមួយនគរបាលសេដ្ឋកិច្ចខេត្ត និងសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម បានចុះឆ្មក់បង្ក្រាបរថយន្តកែច្នៃមួយគ្រឿងដឹកអុសដើមស្វាយចន្ទី លួចលាក់បង្កប់ឈើប្រណិតប្រភេទសុក្រំ ជាច្រើនកំណាត់បម្រុងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុច ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ…។  ផ្អែកតាមប្រភពបានឱ្យដឹងថា មុនឈានដល់ការឃាត់រថយន្តដឹកឈើនេះ ដំបូងឡើយកម្លាំងចម្រុះនៃគណៈឯកភាពស្រុកស្នួល និងអាជ្ញាធរសង្កាត់រដ្ឋបាលព្រៃឈើ«ឃ្សឹម» បានប្រទះឃើញរថយន្តមួយគ្រឿងដឹកអុសស្វាយចន្ទីពេញគ្របពីលើ ដោយលួចបង្កប់ឈើអារលេខ១(ស្រុក្រំ) ជាច្រើនកំណាត់ពីខាងក្រោម ដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋ និងសមត្ថកិច្ច ដើម្បីដឹកចេញទៅលក់នៅប្រទេសវៀតណាម តាមច្រក«ជ័យភាគីជាយឃ្លាំង» ឬហៅថា(ច្រកកា-បី)។ ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើបានឱ្យដឹងថា ការដឹកបំភាន់របស់ក្រុមឈ្មួញទាំងនោះ មិនអាចគេចចេញពីភ្នែករបស់សមត្ថកិច្ចនោះទេ ព្រោះសមត្ថកិច្ចនៅតំបន់នោះ តែងតែបើកភ្លើងខៀវបែបនេះដល់ក្រុមឈ្មួញណាដែលបង់លុយប្រចាំខែឱ្យគេ ដើម្បីនាំយកឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមដោយរលូនមកជាហូហែរ ប៉ុន្តែសម្រាប់ឈ្មួញណាហ៊ានក្បត់សមត្ថកិច្ច នោះនឹងត្រូវចាប់ព្យួករដូចករណីខាងលើនេះមិនខាន។ ប្រជាពលរដ្ឋបន្តថា ច្រក«ជ័យភាគីជាយឃ្លាំង» ជាប់ព្រំដែនកម្ពុជា-វៀតណាម នេះ គេសង្កេតឃើញថា មានការនាំចេញបទល្មើសព្រៃឈើខុសច្បាប់ជាហូហែរ ដោយជ្រកក្រោមការដឹកជញ្ជូនឈើអុសស្វាយចន្ទី ឬឈើអុសកៅស៊ូជាដើម។    ទោះយ៉ាងណា ប្រជាពលរដ្ឋ បានសំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ មេត្តាត្រួតពិនិត្យមើលកូនចៅក្រោមឱវាទផង កុំពេលបង់លុយស្ងាត់ ដល់ពេលឈ្មួញប្រើល្បិចទើបចេញវិធានការបង្ក្រាបវាមិនល្អទេ។ ក្នុងនាមជាមន្ត្រីកិច្ចការសាធារណៈ ត្រូវត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ដោយឈរលើស្មារតីស្រឡាញ់សម្បត្តិធម្មជាតិរបស់ខ្លួន មិនត្រូវធ្វើអាជីវកម្មលើវិជ្ជាជីវៈខ្លួនឯងឡើយ ខណៈការបង្កប់ឈើប្រណិតរបស់ក្រុមឈ្មួញបែបនេះ គឺវាពេញនិយមណាស់សម្រាប់ក្រុមឈ្មួញលួចប្រព្រឹត្តបទល្មើស ហើយបើនៅបណ្តែតបណ្តោយឱ្យករណីបង់លុយស្ងាត់ អត់បង់លុយចាប់បែបនេះ មិនយូទេព្រៃឈើនឹងរលាយហិនហោចអស់មិនខាន។ គួរជម្រាបផងដែរថា បច្ចុប្បន្នឈើទាំងនោះមិនទាន់វាស់វែងជាផ្លូវការនៅឡើយទេ តែត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ«ឃ្សឹម»ជាបណ្តោះអាសន្នហើយ៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង