សមត្ថកិច្ចឃាត់រថយន្តនាំចូលស៊ុតទាជាង៦ម៉ឺនគ្រាប់ ពីវៀតណាមគ្មានច្បាប់អនុញ្ញាត

រាជធានីភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះ​ឃាត់​រថយន្ត​ដឹក​ស៊ុត​ទាចំនួន៦៦ ០០០ គ្រាប់ ដែល​ដឹក​ចេញ​ពីប្រទេស​វៀតណាម ចូល​មក​កម្ពុជា ឆ្ពោះ​ទៅ​លក់​ចែកចាយក្នុង រាជធានីខេត្តមួយចំនួន ដែលសុទ្ធសឹងជាការនាំចូលដោយ​គ្មាន​លិខិតអនុញ្ញាត។ នេះបើយោងតាមការឱ្យដឹងពី លោក​ ហ៊ុន សារ៉ាត់​ អនុ​ប្រធាន​នាយក​ដ្ឋាន​សុខ​​ភាព​សត្វកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣…។  តាមរយៈគណនី​ហ្វេសប៊ុក លោក​ ហ៊ុន សារ៉ាត់​ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងនាវេលាម៉ោង៥:៥០នាទីព្រឹកថ្ងៃទី២៩តុលា ដោយកម្លាំងជំនាញឃាត់បានការលួចនាំចូលចំនួន២ទីតាំងផ្សេងគ្នារួមមាន៖ ករណី​ទី​១ឃាត់​រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ប្រភេទ​​ដឹក​អ្នក​ដំណើរ១៥កៅអី ពាក់ស្លាក​លេខ​ភ្នំពេញ ២BD-១១២០ ពណ៌លឿង ដឹកស៊ុតទាចំនួន ២០ ១០០គ្រាប់ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណី​ទី២ ឃាត់​បានរថយន្ត​១គ្រឿង​ទៀតពាក់ស្លាកលេខភ្នំពេញ២N-៨៥១០ ពណ៌ ស ដឹកស៊ុតសត្វទាចំនួន ៤៥៩០០គ្រាប់ មកពីប្រទេសវៀតណាម ចូលតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ រួចមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ។ ឃាត់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើតាមអនុ​ប្រធាន​នាយក​ដ្ឋាន​សុខ​​ភាព​សត្វ វត្ថុតាងដែលឃាត់បានទាំងពីរករណីនេះកម្លាំងជំនាញយក​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡី​ស័ក​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់។  គួរបញ្ជាក់ថា ជុំវិញករណីនាំចូលទំនិញគ្មានច្បាប់ត្រឹមត្រូវពីប្រទេសជិតខាងចូលកម្ពុជានេះ មហាជនជាច្រើនបានសម្តែងការព្រួយបារម្ភជាខ្លាំង ខណៈដែលក្រុម​ឈ្មួញតែងតែយកមកលក់ចែកចាយជូនប្រជាពលរដ្ឋ ដោយបង្កជាគ្រោះមហន្តរាយដល់សុខភាពសាធារណៈ។ ទន្ទឹមនឹងនោះ មហាជនបានលើកឡើងថា ហេតុអ្វីបានជាកម្លាំងជំនាញបណ្តែតបណ្តោយឱ្យពួកឈ្មួញទាំងនោះនាំចូលមកឆ្លងកាត់ច្រកព្រំដែនដោយគ្នាលិខិតច្បាប់អ្វីដោយងាយស្រួលម៉្លេះ? ជាការល្អហើយដែលករណីនេះអាចចាប់បាន ចុះបើចាប់មិនបានវិញតើសុខភាពពលរដ្ឋនឹងទៅជាយ៉ាងណា? ពលរដ្ឋស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹង និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះការនាំចូលបែបនេះ កុំមានការលើកលែងឱ្យសោះ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង