ព្រះបដិមាដែលពលរដ្ឋប្រទះឃើញក្នុងស្រុកអង្គស្នួល ត្រូវបាននាំយកមករក្សាទុកនៅសារមន្ទីរជាតិ

រាជធានីភ្នំពេញ៖ ព្រះបដិមាមួយអង្គដាច់ព្រះកេស ដែលប្រជាពលរដ្ឋបានប្រទះឃើញក្នុង ស្រុកអង្គស្នួល ខេត្តកណ្តាល រួចបានប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកណ្តាលនោះ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមានោះប្រគល់ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ​ភ្នំពេញ….​។  ផ្អែកតាមការបញ្ជាក់ពី ក្រសួងវប្បធម៌ និងវិចត្រសិល្បៈបានឱ្យដឹងថា៖«គិតត្រឹមម៉ោង៤:០០ ល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកណ្ដាល បាននាំយកព្រះបដិមាដែលទទួលពីប្រជាពលរដ្ឋក្នុងស្រុកអង្គស្នួល​ខេត្តកណ្តាល ជូនក្រុមការងារជំនាញរបស់សារមន្ទីរជាតិ​ភ្នំពេញ ដោយយកទៅរក្សាទុកនៅក្នុងឃ្លាំង​ដោយសុវត្ថិភាព»​។ ក្រសួងបន្តថា ការប្រគល់និងទទួលព្រះបដិមាខាងលើ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ហើយក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកក៏បានលើកឡើងនូវការផ្តាំផ្ញើ និងថ្លែងអំណរគុណពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ចំពោះអាជ្ញាធរដែនដី មន្រ្តីជំនាញនិងថ្នាក់ដឹកនាំមន្ទីរ ជាពិសេសប្រជាពលរដ្ឋ ដែលបានរកឃើញនឹងបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណឬវត្ថុសិល្បៈនានាមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សា ការពារនិងអភិរក្ស ទុកបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងសិក្សាស្រាវជ្រាវ។  គួររំលឹកថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ផ្ទុះកាភ្ញាក់ផ្អើលនឹងមានជំនឿជឿលុងលើរូបបដិមាមួយអង្គដាច់ព្រះកេស ដែលត្រូវបានប្រជាពលរដ្ឋម្នាក់ជីកបាន។ យ៉ាងណាជុំវិញករណីប្រទះឃើញនោះ លោក វាសនា បញ្ញា ដែលជាអ្នករកឃើញបដិមា១អង្គខាងលើ បានឱ្យដឹងថា កាលពីថ្ងៃទី២៦តុលា លោកបានធ្វើដំណើរទៅចម្ការនៅឯចុងភូមិ និងបានយកត្រាក់ទ័រឈូសឆាយដីព្រៃចម្ការ ដើម្បីដឹកយកអាចម៍ដីមកចាក់បំពេញនៅខាងក្រោយផ្ទះ ក្នុងបំណងធ្វើរោងគោ។ លុះព្រឹកថ្ងៃទី២៧តុលា ឆ្នាំ២០២៣ ដោយអាចម៍ដីនៅខាងក្រោយផ្ទះមិនទាន់ពេញល្អ លោកក៏បានទៅកាយយកអាចដីនោះបន្តទៀត ហើយនៅពីរម៉ោងក្រោយមកត្រាក់ទ័ររបស់លោកស្រាប់តែទៅមុខលែងរួច ដូចជាមានអ្វីឃាំងឃាត់មិនឱ្យបន្តដំណើរឈូសដីបន្តទៀតបាន លោកបានចុះទៅមើល ក៏ប្រទះឃើញផ្ទាំងថ្មធំមួយមានសណ្ឋានដូចជារូបចម្លាក់មនុស្សផុសឡើង ភ្លាមៗលោកបានរត់ទៅហៅជីតាឈ្មោះ ភុន ភី ឱ្យមកជួយពិនិត្យ។  ក្រោយការពិនិត្យ មិនមានអ្នកណាដឹងថា រូបបដិមានោះជាអ្វីទេ ព្រោះព្រះកេសនៃបដិមាត្រូវបានបាត់ចេញពីខ្លួន(សង្ស័យក្រុមចោរលួចកាត់យកទៅលក់)។ លោកបន្តថា បដិមានោះមានកម្ពស់១ម៉ែត ទទឹង០,៣០ម៉ែត និងមានជើងទម្របាតជើងរាងជាជ្រលួញមានប្រវែង០,៤០ម៉ែត និងប្រអប់ព្រះហស្តទាំងសងខាង មានប្រវែងបណ្តោយសរុប១,៤០ម៉ែត និងមានទម្ងន់ប្រហែលជាង២០០គីឡូក្រាម ព្រោះមនុស្សប្រុសពេញកម្លាំង៤នាក់ទើបអាចលើករូបបដិមានេះរួចផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង