អភិបាលខេត្តស្ទឹងត្រែងណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចាត់វិធានការចំពោះការកាប់ទន្ទ្រានដីដោយខុសច្បាប់
នៅក្នុងពិធីចែកវិញ្ញាបនបត្រអចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣៦៥ ក្បាលដីកាលពីថ្ងៃទី ២៦ តុលានៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវហាមឃាត់ដាច់ខាត់ត្រូវអនុវត្តទៅតាមច្បាប់ ចំពោះអ្នកទន្ទ្រានកាន់កាប់ដីធ្លីតាមបែបអនាធិបតេយ្យ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ ពិតជាបានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើន ដែលបានកសាងឡើងក្នុងឃុំថាឡា ដែលស្ថិតក្រោមសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមយ៉ាងល្អប្រសើរ។ លោកអភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ចាប់ពីពេលដែលទទួលបានបណ្ណកម្មសិទ្ធិនេះតទៅ ពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ អាស្រ័យផលលើដីធ្លីរបស់ខ្លួន និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ដោយគ្មាននណាម្នាក់អាចមករំលោភបំពានបានឡើយ។ ប្រជាពលរដ្ឋធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្ម ឬបង្កបង្កើនផលលើដីធ្លីដែលទទួលបានកម្មសិទ្ធិ ដើម្បីទទួលបានផលប្រយោជន៍ដែលកើតចេញពីដីធ្លីនេះ ប្រសើរជាងយកដីទៅលក់ដែលអាចទទួលផលបានតែម្ដង ហើយនឹងបាត់បង់ប្រយោជន៍គ្រួសារជារៀងរហូត។ លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានតែដឹងថា ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈដែលត្រូវបានការពារដោយច្បាប់។ លោកប្រធានមន្ទីរបញ្ជាក់ថា ការសម្រេចបាននូវលទ្ធផលទាំងនេះគឺដោយសារមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ ភូមិ ពិសេសការចូលរួមពីប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដីពាក់ព័ន្ធទាំងអស់ ដែលបានសហការល្អជាមួយអាជ្ញាធរ និង ក្រុមការងារបច្ចេកទេសចុះវាស់វែងធ្វើឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិកាំងតេជោឃុំថាឡាបរិវ៉ាត់ទទួលជោគជ័យ។
សូមបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីតាមរយៈបទបញ្ជាលេខ០១បបក្នុងទូទាំងខេត្តស្ទឹងត្រែងរហូតមកដល់បច្ចុប្បន្នអនុវត្តបានចំនួន២៧ភូមិ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១០ វាស់វែងសរុបបាន១៥,៧៨១ក្បាលដី ចេញបណ្ណកម្មសិទ្ធិបាន១៣,៨៤៨ប័ណ្ណ ចែកដល់ដៃប្រជាពលរដ្ឋបាន១៣,១៩៩ បណ្ណ នៅសល់ចំនួន ៦៤៩ បណ្ណទៀត ប្រជាពលរដ្ឋពុំបានមកទទួលយកដោយសារពួកគាត់ភាគច្រើនធ្វើចំណាកស្រុក៕