ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ឆ្នាំង រួមទាំងអាជ្ញាធរខេត្ត នាំយកនូវទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន១០វត្ត នៅទូទាំងក្រុងកំពង់ឆ្នាំង
TNM(កំពង់ឆ្នាំង) ៖ ទេយ្យទាន មានអង្ករ ភេសជ្ជៈ និងបច្ច័យ ដែលកើតឡើងពីសទ្ធាជ្រះថ្លារបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ឆ្នាំង រួមនិងក្រុមការងារ បាននាំយកទៅប្រគេនដល់ព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន១០នៅក្នុងក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅវត្តអារញ្ញិការ៉ាម។
អញ្ជើញចូលរួមជាមួយលោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងមន្ត្រីក្រុមការងារជាច្រើនរូបទៀត។
ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃនាពេលនេះ ក្នុង១វត្តមាន អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ទឹកត្រី និងទឹកស៊ីអ៊ីវ២កេស មី២កេស និង បច្ច័យចំនួន៥០ម៉ឺនរៀល៕



