អតីតនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ទទួលមរណភាពក្នុងវ័យ ៦៨ ឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍នៅថ្ងៃសុក្រទី ២៧ ខែតុលាថា អតីតនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) បានទទួលមរណភាពដោយសារគាំងបេះដូងភ្លាមៗក្នុងវ័យ ៦៨ ឆ្នាំ។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា៖«សមមិត្ត លី ខឺឈាង ខណៈពេលដែលសម្រាកនៅទីក្រុងសៀងហៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានជួបប្រទះការគាំងបេះដូងភ្លាមៗនៅថ្ងៃទី ២៦ ខែតុលា ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយដើម្បីជួយសង្គ្រោះបរាជ័យ លោកបានស្លាប់នៅទីក្រុងសៀងហៃនៅម៉ោងដប់នាទីរំលងអាធ្រាត្រនៅថ្ងៃទី ២៧ ខែតុលា»។ អតីតនាយករដ្ឋមន្ត្រីចិន និងជាប្រធានខុទ្ទកាល័យរបស់ប្រទេសចិនបានបម្រើការក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង អស់រយៈពេលមួយទសវត្សរ៍ចាប់ពីឆ្នាំ ២០១៣ ដោយចូលនិវត្តន៍កាលពីខែមីនា។ លោកគឺជាបុរសខ្លាំងបំផុតទីពីរនៅក្នុងបក្សកុម្មុយនីស្ដចិនដែលកំពុងកាន់អំណាចរហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន។ អ្នកដឹកនាំដែលមានការអប់រំពីសកលវិទ្យាល័យ Peking ដ៏លេចធ្លោររូបនេះត្រូវបានគេស្គាល់ថាជាអ្នកអនុវត្តជាក់ស្តែងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច។ លោកបានសាងកេរ្តិ៍ឈ្មោះជាមួយនឹងគោលនយោបាយដែលផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្ដល់លំនៅដ្ឋានតម្លៃសមរម្យ។ គួររំឭកថា នៅឆ្នាំ ២០២០ លោកបាននិយាយថា ប្រជាជនជាង ៦០០ លាននាក់នៅក្នុងប្រទេសចិនរកចំណូលបានតិចជាង ១៤០ ដុល្លារក្នុងមួយខែ ដែលបង្កឱ្យមានការពិភាក្សាកាន់តែទូលំទូលាយលើភាពក្រីក្រ និងវិសមភាពប្រាក់ចំណូលក្នុងប្រទេសមហាអំណាចមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង