ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងថា កម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូងដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

រាជធានីភ្នំពេញ៖​ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា កម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាបនៅសមុទ្រចិនខាងត្បូងដែលនឹងបង្កឱ្យមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ខែតុលា។
សេចក្តីជូនដំណឹងរបស់ក្រសួងឱ្យដឹងយ៉ាងដូច្នេះថា៖​​ «ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្ទចិនខាងត្បូង។ ក្នុងអំឡុង ពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្ទចិនខាងត្បូងថមថយចុះ ឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើម ពីឈូងសមុទ្ទថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិស អាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្ទចិនខាងត្បូងមកលើប្រទេសកម្ពុជា»។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ខែតុលា តាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្ទ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្ដាល រួមទាំងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយ ឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។​​ ​រីឯបណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។ដោយឡែក នៅថ្ងៃទី៣០ខែតុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់លើផ្នែក ខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្ទចិនខាងត្បូង។ ពេលនោះខ្យល់នឹងប្តូរទិសដៅ បក់ពីទិសឦសានមកលើប្រទេសកម្ពុជា។ នៅតំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្ទ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិត មធ្យម គ្របដណ្ដប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ ហើយនៅតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដីពី១០ភាគរយ ទៅ២០ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង