ករណីប្រទះឃើញសពកុមារាអាយុ២ឆ្នាំ ដែលបានបាត់ខ្លួនរយៈពេល៣ថ្ងៃរហូតធំក្លិនស្អុយ និងក្រោយមកសមត្ថកិច្ចជំនាញបានឃាត់ខ្លួនបុរសជាឪពុកយកទៅសាកសួរ ក្រោយដាក់ការសង្ស័យ

រាជធានីភ្នំពេញ៖ ករណីប្រទះឃើញសពកុមារាអាយុ២ឆ្នាំ ដែលបានបាត់ខ្លួនរយៈពេល៣ថ្ងៃរហូតធំក្លិនស្អុយ និងក្រោយមកសមត្ថកិច្ចជំនាញបានឃាត់ខ្លួនបុរសជាឪពុកយកទៅសាកសួរ ក្រោយដាក់ការសង្ស័យកាលពីវេលាម៉ោង១៦ៈ៣៤នាទីរសៀលថ្ងៃទី២៣តុលា ឆ្នាំ២០២៣ ដែលស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ…។
យ៉ាងណា បន្ទាប់ពីអាជ្ញាធរធ្វើការសាកសួរជុំវិញករណីឃាតកម្មតាមជំនាញបច្ចេកទេស ជនសង្ស័យជាឪពុកបង្កើតចិត្តជាសត្វតិរិច្ឆានរូបនេះ បានសារភាពថា ខ្លួនពិតជាបានសម្លាប់កូនប្រុសពិតប្រាកដមែន។ ចំពោះមូលហេតុដែលនាំឱ្យរូបគេក្លាយខ្លួនជាឃាតកដៃឆៅនេះ ក៏ព្រោះតែមួយរយៈចុងក្រោយរូបគេមានភាពរកាំរកូស និងផ្ទុះជម្លោះជាមួយប្រពន្ធ និងម្ដាយក្មេកជាញឹកញាប់ ហើយម្តាយក្មេកតែងតែជំរុញប្រពន្ធរបស់ខ្លួនឱ្យលែងលះ និងតែងតែជេរតិះដៀលត្មេះជាញឹកញយធ្វើឱ្យរូបគេមានមានគំនុំគុំក្នុងចិត្តជាមួយប្រពន្ធ និងម្តាយក្មេករហូតមក។ លុះមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែលជា១៦ៈ៣០នាទីល្ងាច រូបគេមានកំហឹងក្នុងចិត្តជាខ្លាំង ស្របពេលដែលឃើញកូនប្រុសដើរលេងមកពីបន្ទប់ម្ដាយមីងឈ្មោះ ស៊ឹម បុប្ផា ដែលត្រូវជាប្អូនថ្លៃ រូបគេក៏បានចាប់បីកូនចូលក្នុងបន្ទប់ដោយពុំមាននរណាម្នាក់ដឹងឡើយ ហើយក៏បានធ្វើសកម្មភាពបោះកូនប្រុសឡើងទៅលើត្រូវហ្នឹងពិដាន រួចក៏ធ្លាក់ចុះមកក្រោម បាត់មាត់បាត់កលែងកម្រើកដេកស្ដូកស្ដឹងតែម្ដង ពេលឃើញដូច្នេះ រូបគេក៏បានបោះកូនប្រុសទៅលើដំបូលបន្ទប់ទឹក ហើយបានយកអីវ៉ាន់ និងរូបតុកតាដាក់ពីលើលាក់ទុក ដោយក្លែងធ្វើជាមិនដឹងរឿងអ្វីទាំងអស់។ ក្រោយធ្វើសកម្មភាពរួច រូបគេបានដើររើស និងទិញអេតចាយដូចសព្វមួយដង ប៉ុន្តែគេមិនបានចូលបន្ទប់ស្នាក់នៅទេរហូតដល់ត្រូវអាជ្ញាធរចាប់ខ្លួន ក្រោយបែកធ្លាយដំណឹងនៃការស្លាប់របស់កូនប្រុស។
ដោយឡែក ប្រភពពីសាច់ញាតិដែលត្រូវជាម្ដាយមីងជនរងគ្រោះ ឈ្មោះ ស៊ឹម បុប្ផា បានឱ្យដឹងថា បន្ទាប់ពីបាត់ខ្លួនកុមារារងគ្រោះដែលមានឈ្មោះ ស៊ឹម សុខយុទ្ធ អាយុ២ឆ្នាំ នៅវេលាម៉ោង១៨ៈ៣០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ក្រុមគ្រួសារសាច់ញាតិ បាននាំគ្នាទៅប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍ទួលស្វាយព្រៃទី១ ដើម្បីជួយស្វែងរក និងដើរកជាមួយឪពុកចិត្តខ្មៅរូបនោះ តែរកមិនឃើញ។ លុះដល់ថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៣ ដោយមានធុំក្លិនស្អុយចេញពីបន្ទប់ជួលរបស់ឪពុកកុមារារងគ្រោះ ទើបម្ដាយមីងទៅបើកទ្វារបន្ទប់ជួលនោះចូលរកមើល ក៏ប្រទះឃើញសពនៅលើឡៅតឿបន្ទប់ទឹក និងបានស្រែកឆោឡោ ហើយរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានខាងលើ។ ក្រោយទទួលបានទទួលព័ត៌មានពីក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញាបានថា​ ជាករណីឃាតកម្ម និងដាក់ការសង្ស័យជំហានដំបូងលើបុរសជាឪពុកដែលមានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ មុខរបរជាអ្នករើសអេតចាយនោះតែម្ដង។ មហាជនបានសម្តែងក្ដីអាណិតអាសូរដល់កុមារារងគ្រោះ ដែលដើរសុខៗមិនដឹងរឿងអីសោះ ក៏មកត្រូវឪពុកចាប់យកបោះទៅលើត្រូវនឹងពិដានបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ ខណៈមានការលើកឡើងថា ឪពុកតិរិច្ឆានរូបនេះបានបែកថ្នាំ ទើបហ៊ានប្រព្រឹត្តអំពើឃាតកម្មសាហាវយង់ឃ្នងបែបនេះ។ទោះយ៉ាងណា សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយ ពេលនេះសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនដៃដល់ដែលជាឪពុកបង្កើតរូបនោះ ក្នុងករណីឃាតកម្មសម្លាប់កូនប្រុសគិតទុកជាមុន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបន្ដតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង