ខណៈ​មនុស្សជា​ច្រើន​រំភើបចិត្តក្រៃបាន​សាក​ថ្ម​ជីវិត​ជាមួយ​ជណ្តើរ​យន្ត​ឡើងភ្នំ​កម្ពស់ ៣៥០ម៉ែត្រ តែ​ប្រជាជន​ចិន​មួយចំនួន​បែរ​មិន​ពេញ​ចិត្តដោយ​យល់ឃើញ​ថា…

ទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេសចិន កាលពីឆ្នាំមុន បានដំឡើងប្រព័ន្ធជណ្តើរយន្តនៅលើភ្នំ Tianyu ភាគខាងកើតខេត្ត Zhejiang ដើម្បីជួយអ្នកទេសចររីករាយនឹងទេសភាពដ៏ស្រស់ស្អាត ដោយមិនចាំបាច់នឿយហត់ និងចំណាយពេលឡើងភ្នំយូរដូចមុនទៀតនោះទេ។ប្រព័ន្ធជណ្តើរយន្តជួយឱ្យអ្នកទស្សនាចំណាយពេលត្រឹមតែ ១០ នាទី ដើម្បីផ្លាស់ទីពីជើងភ្នំទៅជិតកំពូលភ្នំ Tianyu ។ នៅទីនេះពួកគេនឹងត្រូវឡើងចម្ងាយ ៣ គីឡូម៉ែត្រទៀត ដើម្បីឡើងដល់កំពូលភ្នំ។ នៅពេលដែលមិនមានជណ្តើរយន្ត ភ្ញៀវទេសចរត្រូវចំណាយពេលប្រហែល ៥០ នាទី ឯណោះ ដើម្បីឡើងភ្នំ។
អ្នកទេសចររំភើបម្នាក់បាននិយាយថា «ខ្ញុំមិនចាំបាច់បោះជំហានមួយជំហាន ដើម្បីទៅដល់ជិតចុងភ្នំនោះទេ ហើយខ្ញុំក៏មិននឹកឃើញទេសភាពដ៏ស្រស់ស្អាតណាមួយដែរ»។
លោក Xu អ្នកគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ទេសចរណ៍ បាននិយាយថា ដំបូងឡើយ ពួកគេមានគម្រោងសាងសង់កន្រ្តកខ្សែកាប ប៉ុន្តែបន្ទាប់មកបានប្តូរទៅជណ្តើរយន្ត ដោយសារតែជណ្តើរយន្តអាចដឹកជញ្ជូនមនុស្សបានច្រើន និងមានសុវត្ថិភាពជាង។
ប្រព័ន្ធជណ្តើរយន្តប្រវែង ៣៥០ ម៉ែត្រ នៅភ្នំ Tianyu ចែកចេញជា ៣ ផ្នែក ដែលមានតម្លៃសាងសង់ ១០ លានយន់ (ប្រហែល ១.៤ លានដុល្លារអាមេរិក)។ តម្លៃសំបុត្រឡើងតាមជណ្តើរយន្តគឺ ៣០ យន់ (ប្រហែល ៤ ដុល្លារ)។ លោក Xu បាននិយាយថា «យើងគ្រាន់តែចង់ផ្តល់ឱ្យអ្នកទេសចរនូវជម្រើសថ្មីប៉ុណ្ណោះ»។
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធជណ្តើរយន្ត «ឡើងភ្នំដោយមិនប្រឹងប្រែង» នេះ បានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅលើបណ្តាញសង្គមចិន។គណនី Weibo មួយ​បាន​សរសេរ​ថា​៖ «​ពិតជា​គំនិត​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ចាស់ និង​កុមារ​។ មិនចាំបាច់​ចំណាយ​កម្លាំង​ឡើង​ភ្នំ​ទៀត​ទេ គ្រាន់តែ​ឈរ​នៅលើ​ជណ្តើរយន្ត​។ និយាយ​ឲ្យ​សាមញ្ញ​ទៅ កូនៗ​ក៏​សប្បាយចិត្ត ឪពុកម្តាយ​ក៏​សប្បាយចិត្ត​ដែរ​»។គណនីមួយផ្សេងទៀតបានសរសេរថា «ខ្ញុំគាំទ្រទាំងស្រុងនូវជណ្តើរយន្តនេះ។ អ្នកណាក៏ចូលចិត្តវាក៏អាចធ្វើអ្វីបានតាមចិត្តដែរ។ អ្នកដែលចូលចិត្តឡើងភ្នំអាចឡើងបាន ប៉ុន្តែខ្ញុំជ្រើសរើសជណ្តើរយន្ត»។
ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ជាច្រើនបាននិយាយថា ការសាងសង់ជណ្តើរយន្តបានបំផ្លាញទេសភាពធម្មជាតិ ក៏ដូចជាបទពិសោធន៍នៃការឡើងភ្នំផងដែរ។ អ្នក​ប្រើ​បណ្ដាញ​សង្គម​ម្នាក់​បាន​សរសេរ​ថា​៖ «​អ្វី​ទៅដែល​អ្នក​ហៅ​ថា​ការ​ឡើង​ភ្នំ?»។ រីឯមនុស្សមួយចំនួនទៀត ក៏សម្តែងនូវការព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាព។ ជាពិសេសនៅពេលដែលមានមនុស្សជាច្រើនបានប្រើប្រាស់សេវាកម្មក្នុងពេលតែមួយបែបនេះ។ក្រៅពីភ្នំ Tianyu ប្រទេសចិនក៏បានសាងសង់ជណ្តើរយន្តនៅលើជម្រាលភ្នំមួយចំនួនផ្សេងទៀត ដូចជាប្រព័ន្ធជណ្តើរយន្ត South Sky ប្រវែង ១០៤ ម៉ែត្រ នៅក្នុងតំបន់ទេសចរណ៍ Shenxianju ក្នុង Taizhou ខេត្ត Zhejiang ដែលបានសាងសង់កាលពី ៣ ឆ្នាំមុន៕
 

អត្ថបទដែលជាប់ទាក់ទង