កម្ពុជាកំពុងឈរនៅមាត់ជ្រោះនៃសោកធនាដកម្មក្នុងប្រទេសដោយសារជំងឺរាតត្បាតកូវីដ-១៩
TNM(ភ្នំពេញ) ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានថ្លែងថា «យើងឈរនៅមាត់ជ្រោះ នៃសោកនាដកម្មមួយក្នុងប្រទេស ដែលបង្កឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។ ទោះជាយើងបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏យើងនៅតែប្រឈមនឹងការលំបាក ក្នុងការគ្រប់គ្រងវីរុសនេះ។ ករណីវិជ្ជមានបន្តកើនឡើងរាល់ថ្ងៃ ហើយយើងកំពុងធ្វើការការប្រដេញគ្នាជាមួយមេរោគ។ បើយើងមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលក្នុងប្រទេសយើង ប្រឈមនឹងបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ»។
សេចក្តីប្រកាសព័ត៌មានបន្ទាន់របស់ WHO បានលើកឡើងថា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះ និងបន្តទៅមុខទៀត ខណៈពេលដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងការផ្ទុះរាលដាលដ៏អាក្រក់ ដែលមិនធ្លាប់មានកន្លងមក អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីព្រមានធ្ងន់ៗមួយថា ពលរដ្ឋទាំងអស់ត្រូវនៅផ្ទះរៀងខ្លួន អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីការពារគ្រួសារ និងប្រទេសជាតិរបស់ខ្លួន៕