ពលរដ្ឋជម្លៀសទៅរកទីទួលសុវត្ថិភាពមិនទាន់ត្រឡប់ទៅផ្ទះវិញទេ ព្រោះទឹកស្រកមិនទាន់អស់
ខេត្តបន្ទាយមានជ័យ ៖ ទោះបីជាទឹកជំនន់ ត្រូវបានស្រកក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋដែលជម្លៀសទៅកាន់ទួលសុវត្ថិភាពនោះ នៅមិនទាន់វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញនៅឡើយទេ ព្រោះតែទឹកមិនទាន់ស្រកអស់ នេះបើគិតរហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅខេត្តបន្ទាយមានជ័យ។ គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ គឺមានស្រុក-ក្រុងចំនួន២ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះមានស្រុកមង្គលបូរី រងផលប៉ះពាល់រហូតដល់ចំនួន៩៧ភូមិ មានប្រជាពលរដ្ឋលិចលង់ចំនួន៤,០៧១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១៧,៥០៨នាក់ (ស្រីចំនួន៨,៩៤៧នាក់) ហើយពលរដ្ឋត្រូវជម្លៀសចេញរកទីទួលសុវត្ថិភាពចំនួន១៤១គ្រួសារ ស្មើនឹងមនុស្សរាយចំនួន៥៥៥នាក់ (ស្រីចំនួន២៨០នាក់ និងកុមារចំនួន១១២នាក់)។ ចំណែកក្រុងសិរីសោភ័ណវិញ រងផលប៉ះពាល់ចំនួន២៦ភូមិ មានប្រជាពលរដ្ឋលិចលង់ចំនួន១,០១០គ្រួសារ ស្មើនឹង៩៧២ខ្នងផ្ទះ ដែលមានមនុស្សរាយចំនួន៤,១០៧នាក់ (ស្រីចំនួន២,១០៩នាក់) ហើយពលរដ្ឋត្រូវជម្លៀសចេញរកទីទួលសុវត្ថិភាព មានចំនួន៩១គ្រួសារ ស្មើនឹងចំនួន៤១៦នាក់ (ស្ត្រីចំនួន២១៩នាក់ និងកុមារចំនួន៤៤១នាក់)។ មន្ត្រីធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ក៏បានប្រាប់ឱ្យដឹងដែរថា រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកនៅខេត្តបន្ទាយមានជ័យ ដែលលិចលង់ខ្លាំងជាងគេ គឺមានស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ។ ហើយទឹកជំនន់ក៏បានស្រកជាបណ្តើរហើយ គ្រាន់តែស្រកយឺតៗ ប៉ុន្តែស្ថានភាពទឹកជំនន់ គឺពេលស្រកផ្នែកខាងលើ មកលិចនៅផ្នែកខាងក្រោយ តែមិនប៉ះពាល់ធ្ងន់ធ្ងរដូចឆ្នាំមុនៗឡើយ៕ សម្រួលដោយ ទៀង បុណ្ណរី