ក្រុមអាជីវករអ្នកបើកឡានដឹកផ្លែឈើផ្ទុះការតវ៉ា ក្រោយនគរបាលច្រករបៀងក្រសាំងជ្រំបិទច្រកទ្វារ
ខេត្តស្វាយរៀង ៖ ក្រុមអាជីវករអ្នកបើកបររថយន្តដឹកទំនិញបន្លែផ្លែឈើ ផ្ទុះការតវ៉ាលើករណីលោកមេប៉ុស្តិ៍វរការពារព្រំដែនក្រួស ច្រករបៀងក្រសាំងជ្រំ បិទបារាស់ព្រំដែនមិនអនុញ្ញាតឲ្យរថយន្តដឹកបន្លែផ្លែឈើ ឆ្លងដែនចូលទៅប្រទេសវៀតណាម ដើម្បីដឹកបន្លែផ្លែឈើយកមកលក់បន្តនៅតាមបណ្តាខេត្តនានា ដោយឲ្យចូលបេនហើយទារប្រាក់ថ្លៃបង់បេនធ្វើឲ្យក្រុមអាជីវករខឹងសម្បារយ៉ាងខ្លាំង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង០៦ និង៣០នាទីព្រឹករហូតដល់ម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២១ តុលា ២០២៣ នៅច្រកទ្វារព្រំដែន ច្រករបៀងក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំឃុំក្រួសស្រុកស្វាយជ្រំ ។ អ្នកបើកបររថយន្តដឹងបន្លែផ្លែឈើបានប្រាប់អ្នកសារព័ត៌មានយើងថា ពួកគេមកពីខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ប្រកបមុខរបរទិញបន្លែ ផ្លែឈើ នៅក្រសាំងជ្រំនេះរយៈពេលជាង១ឆ្នាំមកហើយ ដោយបង់ក្បាលរថយន្តឲ្យនគបាលច្រករបៀងក្រសាំងជ្រំ ក្នុង១គ្រឿង១ម៉ឺនរៀល រ៉ឺម៉កម៉ូតូ១គ្រឿងបង់៥ពាន់រៀល រហូតដល់ខែកញ្ញា២០២៣ ខាងវៀតណាមគេបិទព្រំដែន ឈប់ឲ្យអាជីវករខ្មែរចូលទៅដឹកទំនិញ នៅក្នុងទឹកដីប្រទេសវៀតណាម ដោយឲ្យជនជាតិវៀតណាម នាំទំនិញឆ្លងដែនចូលមកស្រុកខ្មែរផ្ទេរទំនិញ ត្រូវចំណាយប្រាក់ច្រើន ក៏ស្នើរសុំសមត្ថកិច្ចវៀតណាម សុំបើករថយន្តនិងរ៉ឺម៉កឆ្លងដែន ចូលទៅដឹកទំនិញ នៅព្រំដែនក្នុងប្រទេសវៀតណាមវិញ ។ សមត្ថកិច្ចវៀតណាមក៏យល់ព្រម ស្រាប់តែលោកស៊ិន វិសាល ប្រធានប៉ុស្តិ៍វរការពារព្រំដែនក្រួសឬច្រករបៀងក្រសាំង ជ្រំបិទ បារ៉ាស់ មិនឲ្យប្រជា ជននិងអាជីវករបើករថយន្តនិងរ៉ឺម៉កឆ្លងដែនចូលទៅប្រទេសវៀតណាមដើម្បីដឹកទំនិញបន្លែផ្លែឈើទេ ដោយឲ្យចូលក្នុងបេន ដែលលោកមេប៉ុស្តិ៍ទើបតែធ្វើចំណត ហើយទារថ្លៃចំណតក្បាលរថយន្ត១គ្រឿងយក២ម៉ឺនរៀល រថយន្តធំ៦ម៉ឺនទៅ១០ម៉ឺនរៀល ។ ហើយកាលពីមុនគ្រាន់តែឆ្លងកាត់ចតក្រៅបេន គឺបង់ក្បាលរថយន្ត១គ្រឿង១ម៉ឺនរៀល ក្នុង១ថ្ងៃ ពីព្រឹករហូតទល់យប់គឺរថយន្តតូចធំ ធូរីស២កឹប រថយន្តកូរ៉េ និងរថយន្តធុនធំធ្វើចរាចរណ៍ប្រមាណជាង១០០គ្រឿង ទើបពួកគាត់តវ៉ា ។ មន្ត្រីនគបាលយាមច្រករបៀងក្រសាំងជ្រំម្នាក់បាននិយាយថា មេមិនអនុញ្ញាតឲ្យអ្នករកស៊ី ម្ចាស់រថយន្តមកពីខេត្តផ្សេងៗ (ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ធំ) ឆ្លងដែនចូលទៅដឹកទំនិញនៅប្រទេសវៀតណាម តាមច្រកទ្វាព្រំដែនក្រសាំងជ្រំទេ តម្រូវឲ្យពួកគាត់ចូលផ្ទេរទំនិញក្នុងបេន ។ ចំណែកប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំ គឺអនុញ្ញាតឲ្យឆ្លងដែនចេញ-ចូលដឹកទំនិញធម្មតា ។ ក្រុមអាជីវករសំណូមពរលោកអភិបាលខេត្តស្វាយរៀង មេត្តាពិនិត្យនិងដោះស្រាយឲ្យប្រជា ពលរដ្ឋដែលជាអាជីវករមកពីក្រៅខេត្តបានមកទិញទំនិញ និងឆ្លងដែនចេញចូលទៅដឹកទំនិញពីប្រទេសវៀតណាមដោយអនុគ្រោះ។ ទាក់ទិនករណីនេះដែរ មិនអាចសុំការបំភ្លឺពីលោកស៊ិន វិសាល មេប៉ុស្តិ៍វរការពារព្រំដែនក្រួស នៃច្រករបៀងក្រសាំងជ្រំបានទេ ដោយទូរសព្ទ័ចូលហើយ លោកឆ្លើយថា ស្តាប់មិនបានទេ «អាឡូ អាឡូ» ហើយក៏បិទទូរស័ព្ទវិញទៅ ។ លុះដល់ម៉ោង១០ព្រឹក មានក្រុមអាជីវករដែលមកពីបណ្តខេត្តផ្សេងៗបានបង្ខំចិត្តបើករថយន្តត្រឡប់ទៅវិញទាំងខឹងសម្បារ ។ សម្រួលដោយ ទៀង បុណ្ណរី