កម្ពុជា​ពុំ​រង​ឥទ្ធិពល​ពីព្យុះ​ត្រូពិច​ទី​១៦ ឈ្មោះ «​សាន់​បា​» ទេ តែ​អាច​មាន​ភ្លៀងធ្លាក់ពីខ្សោយទៅបង្គួសូម​ប្រុង​ប្រយ័ត្ន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្យុះ​ត្រូពិច​ទី​១៦ ឈ្មោះ​ថា «​សាន់​បា​» T2316 (SANBA) នៅ​ឈូង​សមុទ្រ​តុងកឹង ប្រទេស​ចិន នឹង​រំកិល​ចូល​មក​កាន់​ឆ្នេរសមុទ្រ​នៃ​ភាគ​ខាងត្បូង​ប្រទេស​ចិន កត្តា​នេះ នឹង​ធ្វើ​តាម​បណ្ដា​ខេត្ត ជា​ពិសេស​រាជធានី​ភ្នំពេញ តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ខ្សោយ​ទៅ​បង្គួរ នៅ​តំបន់​ខ្លះ ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ព្យុះ​ទី​១៦ SANBA នេះ ពុំ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។  យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ព្យុះ​ត្រូពិច​ទី​១៦ ឈ្មោះ​ថា «​សាន់​បា​» T2316 (SANBA) នៅ​ឈូង​សមុទ្រ​តុងកឹង ប្រទេស​ចិន នឹង​រំកិល​ចូល​មក​កាន់​ឆ្នេរសមុទ្រ​នៃ​ភាគ​ខាងត្បូង​ប្រទេស​ចិន កត្តា​នេះ ធ្វើ​ឱ្យ​មាន​ប្រព័ន្ធ​សម្ពាធ​ខ្ពស់ គ្របដណ្ដប់​លើ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ពេល​ដែល​មាន​ខ្យល់ មូសុង កម្រិត​មធ្យម​បាន​កើតឡើង តែ​ព្យុះ​ទី​១៦ SANBA នេះ ពុំ​មាន​ឥទ្ធិពល​ផ្ទាល់​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។  ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​នេះ នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូច​ជា ៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ គ្របដណ្តប់​លើ​ផ្ទៃដី ចាប់ពី ៣០% ទៅ ៤០%​។  ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ទៀត​ថា លើស​ពី​នេះ ខ្យល់មូសុង​និរតី ក៏​បាន​បោ​.​កបក់​មក​លើ​សមុទ្រ​អា​ដាំ​មែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ ហើយ​ប្រការ​នេះ នឹង​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ចាប់ពី​ខ្សោយ​ទៅ​មធ្យម ក្នុង​នោះ​តំបន់​ខ្លះ​ក៏​អាច​មាន​ភ្លៀង​ធ្លាក់​បង្គួរ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី ចាប់ពី ៤០% ទៅ ៥០% ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល​។  ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន ត្រូវ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​ស្ថានភាព​នេះ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង