ទឹកជំនន់ជន់លិចផ្ទះជិត៥ពាន់គ្រួសារ និងជម្លៀស២៣២គ្រួសារទៅកាន់ទីទួលសុវត្ថិភាព
ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ មានស្រុក-ក្រុងចំនួន២ នៅតែបន្តរងផលប៉ះពាល់ដោយសារទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋជិត៥ពាន់គ្រួសារ និងត្រូវជម្លៀសចំនួន២៣២គ្រួសារទៅកាន់ទីទួលសុវត្ថិភាព នេះបើគិតរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា នៅស្រុកមង្គលបូរី រងផលប៉ះពាល់ដោយសារទឹកជំនន់លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំកសិកម្មមានចំនួន៨១ភូមិ ស្មើនឹង៣,៦៨១គ្រួសារ និងមនុស្សរាយចំនួន១៦,០១៩នាក់ ក្នុងនោះស្រីចំនួន៨,១៥៦នាក់ ដែលលិចលង់ទាំងស្រុងស្មើនឹងចំនួន៥៥៥នាក់ ក្នុងស្រី២៨០នាក់ និងកុមារ១១២នាក់។ ហើយជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន១៤១គ្រួសារ ព្រមទាំងលិចស្រូវចំនួន៣,១៤៦ហិកតា និងលិចផ្លូវ៩០ខ្សែ ដែលមានប្រវែង៧៣,២៩៤ម៉ែត្រ។ បើតាមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឱ្យដឹងថា ចំពោះក្រុងសិរីសោភ័ណវិញ បានរងផលប៉ះពាល់ដោយសារទឹកជំនន់លិចលង់ផ្ទះសម្បែងពលរដ្ឋ និងដំណាំកសិកម្ម មាន២៦ភូមិ ដែលមានពលរដ្ឋចំនួន១,០១០គ្រួសារ ស្មើនឹង៩៧២ខ្នងផ្ទះ និងមនុស្សរាយចំនយន៤,១០៧នាក់ ក្នុងនោះស្រីចំនួន២,១០៩នាក់ ដែលលិចលង់ទាំងស្រុងស្មើនឹង៤១៦នាក់ ក្នុងនោះស្រី២១៩នាក់ និងជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន៩១គ្រួសារ ព្រមទាំងលិចស្រូវចំនួន៤៤១ហិកតា និងលិចផ្លូវ៦៦ខ្សែ ដែលមានប្រវែង៣៣,៦១៩ម៉ែត្រ។ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងដែរថា នៅខេត្តបន្ទាយមានជ័យ មាន២ស្រុក-ក្រុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ចំណែកស្រុកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ គឺស្រុកមង្គលបូរី។ ហើយពេលនេះ ទឹកនៅផ្នែកខាងលើបានស្រកជាបណ្តើរៗហើយ គឺនៅឃុំសឿ ឃុំចំណោម ប៉ុន្តែទឹកកំពុងតែស្រុងមកលិចឃុំរហាត់ទឹក និងឃុំបត់ត្រង់វិញម្ដង។ រីឯនៅក្រុងសិរីសោភ័ណវិញ ស្ថានភាពទឹកស្រកបន្តិចដែរ ប៉ុន្តែទឹកកំពុងតែលិចបន្តទៅផ្នែកខាងក្រោម ដែលកំពុងតែលិចលង់ជាបណ្តើរៗហើយ៕ សម្រួលដោយ ទៀង បុណ្ណរី