ទឹកជំនន់​នៅ​​ថៃ​ ឆក់យកជិវិតមនុស្ស៥នាក់ ខណៈ​ភ្លៀង​នៅបន្តធ្លាក់​ខ្លាំង​

មនុស្ស៥នាក់ ត្រូវបានស្លាប់នៅក្នុងទឹកជំនន់នៅភាគខាងជើងប្រទេសថៃក្នុងសប្តាហ៍នេះ ដោយអាជ្ញាធរបានព្រមាននៅថ្ងៃអង្គារទី១៧តុលានេះថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀត…។  ក្រសួង​សុខាភិបាល​ បាន​ឱ្យដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ចាប់​តាំង​ពី​ដើម​រដូវ​ខ្យល់​មូសុង​ក្នុង​ខែ​កញ្ញា ពលរដ្ឋ​ថៃ​សរុប២៣នាក់​ បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់ និង៣៣នាក់​ទៀតបាន​រង​របួស។ ក្រសួងបានបង្ហាញថា នៅដើមសប្តាហ៍នេះ ទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ (Phayao) ភាគខាងជើងប្រទេសថៃបានសម្លាប់មនុស្សប្រាំនាក់។ អាជ្ញាធរថៃ បានចេញការព្រមានពីទឹកជំនន់សម្រាប់ខេត្តចំនួន៣២ នៅថ្ងៃអង្គារនេះ។ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករសម្រាប់រាជធានីបាងកក និងកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ខេត្តភូកេតផងដែរ។  ក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្យល់មូសុងពីភាគនិរតីនឹងបក់បោកលើសមុទ្រ Andaman និងឈូងសមុទ្រថៃ ហើយនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងប្រទេសថៃ។ សេចក្តីថ្លែងការណ៍បន្តថា គ្រួសារនៃប្រជាជនថៃជាង៦២០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានចុះទៅពិនិត្យតំបន់ទឹកជំនន់ជាទៀងទាត់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអាជ្ញាធរមូលដ្ឋានកំពុងព្យាយាមផ្តល់ឧបករណ៍សង្គ្រោះដល់ជនជម្លៀស។ ក្នុង​ឆ្នាំ២០១១ ទឹកជំនន់​បាន​សម្លាប់​មនុស្ស​ជាង៥០០នាក់ និង​បំផ្លាញ​ផ្ទះ​រាប់លាន​ខ្នង​នៅ​ទូទាំង​ប្រទេស៕  ​ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង