៤ខេត្តនៃ «តារារះនៅទិសឧត្តរ» ស្រូបទាញភ្ញៀវទេសចរបានជាង២១ម៉ឺននាក់ អំឡុងបុណ្យភ្ជុំបិណ្ឌ
អន្តរខេត្ត៖ ខេត្តមួយចំនួននៅភាគឧត្តរប្រទេសកម្ពុជា ជាពិសេស គឺខេត្តសៀមរាបតែម្ដងត្រូវបានរាជរដ្ឋាភិបាលអាណត្តិមុន ប្រសិទ្ធនាមថាជា «តារារះនៅទិសឧត្តរ»។ នេះក៏ដោយសារតែប្រការអំណោយផលរបស់ខេត្តក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត។ ជាក់ស្តែងខេត្តចំនួន៤ នៃភាគឧត្តរប្រទេស គឺ សៀមរាប ព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ស្រូបទាញបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសរុបជាង២១ម៉ឺននាក់ អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌដែលទើបកន្លងផុតកាលពីពេលថ្មីៗនេះ។ ខេត្តគោលដៅទេសចរណ៍ធំជាងគេ គឺខេត្តសៀមរាប រាប់ចាប់ពីថ្ងៃទី១៣ដល់១៥ខែតុលា ឆ្នាំ២០២៣ មានអ្នកទេសចរសរុប ១៣២០៥១នាក់ បានមកដើរលេងកម្សាន្តនៅតំបន់រមណីយដ្ឋានពិភពលោក និងរមណីយដ្ឋានឧបសម្ព័ន្ធភ្ជាប់ទំនាក់ទំនងមួយចំនួនទៀត។ បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងចំណោមទេសចរជាង១៣ម៉ឺននាក់នេះ មានភ្ញៀវជាតិ និងពលរដ្ឋខ្មែរក្នុងខេត្តចំនួន១២៥៤៤៩នាក់។ ក្នុងនោះ អ្នកដើរកម្សាន្តនៅរមណីយដ្ឋានអង្គរមានចំនួនជាង៨ម៉ឺននាក់ និងតាមសហគមន៍រមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត មានជាង៤ម៉ឺននាក់។ ដោយឡែក អ្នកទេសចរបរទេសសរុបមានចំនួន៦៦០២នាក់។ ចេញពីខេត្តសៀមរាប យើងមកមើលខេត្តព្រះវិហារដែលនៅក្បែរគ្នានោះ។ អំឡុងពេលភ្ជុំបិណ្ឌដដែល ខេត្តដែលយកឈ្មោះតាមប្រាសាទដ៏ល្បីល្បាញលើខ្នងភ្នំដងរែកមួយនេះ ទាកទាញបានភ្ញៀវទេសចរជាតិ និងបរទេសគួបផ្សំនឹងពលរដ្ឋនៅក្នុងខេត្តសរុប២០៣៤៩នាក់ ក្នុងនោះទេសចរបរទេសមាន៩៥នាក់។ នេះបើតាម លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារថ្លែងប្រាប់ ធីអិនអឹមថា។ លោក គង់ វិបុល បន្តថា ចំនួនទេសចរនេះកើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ចេញពីព្រះវិហារ ចូលមលដល់ខេត្តកំពង់ធំវិញម្ដង ខេត្តមួយនេះត្រូវបានចាត់ទុកថា ជាស្នូលកណ្តាលនៃប្រទេសកម្ពុជា ក៏បានស្រូបទាញអ្នកទេសចរជាតិ និងអន្តរជាតិសរុបបានចំនួន៤៥៣៦៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន១៥៨នាក់។ នេះបើតាមការឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន។ លោក សេង អាន លោកឱ្យ ដឹងទៀតថា ចំនួនអ្នកទេសចរអំឡុងភ្ជុំបិណ្ឌឆ្នាំនេះ កើនឡើងជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលកាលនោះមានភ្ញៀវមកលេងត្រឹមតែជាង៣ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះ។ ចុងក្រោយគឺខេត្តឧត្តរមានជ័យ បើតាមរបាយការណ៍ពីមន្ទីរទេចរណ៍ខេត្តបានឱ្យដឹងថា ភ្ញៀវទេសចរមកកម្សាន្តតាមគោលដៅទេសចរណ៍ និងវត្តអារាម នៅក្នុងខេត្តឧត្តរមានជ័យ នាឱកាសឈប់សម្រាកក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល៣ថ្ងៃត្រូវនឹងថ្ងៃទី១៣-១៥ខែតុលា ឆ្នាំ២០២៣ មានចំនួនសរុបជិត១ម៉ឺន៤ពាន់នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួនសរុប១៣៦៩៦នាក់ មានអត្រាកើនឡើង២៦ភាគរយបើប្រៀបធៀបឆ្នាំ២០២២ ខណៈភ្ញៀវបរទេសមានចំនួន១៥៥នាក់។ សូមរំឭកថា សម្ដេច ហ៊ុន សែន អតីតតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានហៅខេត្តសៀមរាប និងទំនងជាចង់សំដៅដល់ខេត្តជុំវិញនោះផងដែរថាជា «តារារះនៅទិសឧត្តរ» ក្រោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងអាកាសយានដ្ឋានថ្មី លេចរូបរាងនៅខេត្តសៀមរាប។ សម្ដេចបានលើកឡើងបែបនេះ អំឡុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងសៀមរាប កាលពីដើមខែមេសាឆ្នាំមុន៕ សម្រួលដោយ ទៀង បុណ្ណរី