អាជ្ញាធរខណ្ឌច្បារអំពៅដាក់គ្រឿងចក្រលើកទំនប់ និងដាក់ម៉ាស៊ីនបូមទឹកចេញពីផ្សារបឹងព្រលិត
នារសៀលថ្ងៃទី១៦ ខែតុលា លោក ចេង មុនីរ៉ា អភិបាលនៃគណអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងជំនាញ ដាក់គ្រឿងចក្រលើកជាទំនប់ពទ្ធ័ជុំវិញតំបន់ផ្សារបឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា បន្ទាប់ពីតំបន់ខាងលើរងការលិចលង់ដោយទឹកជំនន់អស់រយៈពេលជិតមួយសប្តាហ៍មកហើយ។ តាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែតុលានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងជំនាញព្រមទាំងអាជ្ញាធរសង្កាត់ព្រែកប្រា យកគ្រឿងចក្រជីកទំនប់ទប់ពទ្ធ័ជុំវិញតំបន់ផ្សារបឹងព្រលិត ដែលកំពុងរងការលិចលង់យ៉ាងធ្ងន់ធ្ងរហើយក្នុងនោះលោកអភិបាលខណ្ឌក៏បានដាក់ម៉ាសុីនបូមទឹកខ្នាតធំដាក់បូមទឹកទៀតផង។ លោក គុយ គឹមហ៊ាង បានបញ្ជាក់ថា មូលហេតុដែលតំបន់ខាងលើរងការលិចលង់ គឺដោយសារទឹកហូរចេញពីបឹងបន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី១៣ ខែតុលា រហូតមកដល់ថ្ងៃទី១៦ ខែតុលា គឺភ្លៀងនៅបន្តធ្លាក់ទៀត។ហើយបើពិនិត្យជារួម គឺតំបន់ដែលរងការលិចលង់ ពុំមែនតែតំបន់ផ្សារបឹងព្រលិតប៉ុណ្ណោះទេ មានសង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី និងក្បាលកោះ ស្ថិតក្នុងខណ្ឌច្បារអំពៅ។ បន្ទាប់ពីបានឃើញសកម្មភាពលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់គ្រឿងចក្រលើកទំនប់ និងដាក់ម៉ាសុីនបូមទឹកចេញពីតំបន់ផ្សារបឹងព្រលិតនារសៀលថ្ងៃទី១៦ ខែតុលានេះមក ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរាប់ពាន់គ្រួសារមានក្តីរីករាយព្រោះតែបានកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលបែបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី