អ្នកនាំពាក្យ ៖ ថ្លៃដឹកភ្ញៀវទេសចរពីព្រលានទៅទីរួមខេត្តសៀមរាប មិនថ្លៃទេបើធ្វើដំណើរជាក្រុម
ការកំណត់តម្លៃ គឺជាយន្តការមួយល្អសម្រាប់ការគ្រប់គ្រង ដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរ ចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឆ្ពោះទៅកាន់ទីក្រុងសៀមរាប។ នេះជាការគូសបញ្ជាក់របស់លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។ ថ្លែងប្រាប់កម្ពុជាថ្មី លោក តុប សុភ័ក បានលើកឡើងថា ការគ្រប់គ្រងតម្លៃបានច្បាស់លាស់ របស់ក្រុមហ៊ុន អាចចៀសវាងការយកតម្លៃថ្លៃហួសហេតុ របស់អ្នកបើកបររថយន្តដឹកភ្ញៀវ។ បើតាមលោក តុប សុភ័ក ការកំណត់តម្លៃសំបុត្ររបស់ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនថ្លៃនោះទេបើធ្វើដំណើរជាក្រុម ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅទីរួមខេត្តសៀមរាប ដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ។ ប៉ុន្តែប្រសិនបើធ្វើដំណើរតែម្នាក់ឯង អាចថាថ្លៃ។ លោក បានគូសបញ្ជាក់ទៀតថា ការកំណត់តម្លៃនេះ គឺជាយន្តការមួយល្អក្នុងការគ្រប់គ្រងតម្លៃ និងភ្ញៀវទេសចរកុំឱ្យមានភាពរញ៉េរញ៉ៃ ជាពិសេសរក្សាបាននូវសុវត្ថិភាព និងតម្លៃច្បាស់លាស់។ លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល មើលឃើញថា តម្លៃសេវាដឹកជញ្ជូនពីព្រលានទៅទីរួមខេត្ត មិនខុសពីប្រទេសជិតខាងប៉ុន្មានទេ ទាំងចម្ងាយ និងតម្លៃ។ លោកបានគូសបញ្ជាក់ថា ប្រសិនបើមានសេវាដឹកជញ្ជូនតាមរថយន្តក្រុងរបស់រដ្ឋពីព្រលានចេញទៅគោលដៅផ្សេងៗ អាចនឹងមានតម្លៃធូរថ្លៃ។ បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ការវិនិយោគរបស់វិស័យឯកជន ទាមទារមកវិញនូវប្រាក់ចំណេញទៅលើការចំណាយរបស់ក្រុមហ៊ុន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនអង្គរ អ៊ិនធើណេស៊ិនណល អ៊ែផត អ៊ិនវេសម៉ិន ដែលវិនិយោគលើព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានបង្ហាញពីសេវាដឹកជញ្ជូនភ្ញៀវតាមឡានក្រុងពីព្រលាន ទៅកាន់ទីរួមខេត្តសៀមរាប សំបុត្រមានតម្លៃ ៨ដុល្លារ ក្នុងមួយជើង និង ១៥ដុល្លារ ទៅវិញទៅមក។ បើតាមក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្នុងគោលបំណងបំពេញតម្រូវការសម្បូរបែបរបស់អ្នកដំណើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្ទេរសិទ្ធិឱ្យ Tourist Transport Association for Siem Reap Internationanl Airport (TTA) ធ្វើប្រតិបត្តិការសេវាតាក់ស៊ី។ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន ២៦១គ្រឿង (តិចជាង ៧កៅអី) និងឡានក្រុងតូច៦៩គ្រឿង(មាន៨កៅអី ដល់ ១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ។ សម្រាប់ស្តង់ដារការគិតប្រាក់សេវាតាក់ស៊ី គឺរថយន្តធុនតូចតម្លៃ ៣៥ដុល្លារមួយជើង និងឡានក្រុងតូច តម្លៃ ៤០ដុល្លារ ក្នុងមួយជើង។ សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ តម្លៃជាង ១.១០០លានដុល្លារ បានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕ សម្រួលដោយ ទៀង បុណ្ណរី