ប្រយ័ត្ន! ប៉ុន្មានថ្ងៃនេះ ភ្នំពេញ និងតាមបណ្តាខេត្ត អាចនឹងមានភ្លៀងលាយឡំផ្គរ និងរន្ទះ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា ខណៈសម្ពាធទាបសកម្មនេះ ចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាមហើយ និងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវទៀត។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានីភ្នំពេញ ព្រមទាំងតាមបណ្តាខេត្ត អាចនឹងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ និងរន្ទះផងដែរ។ យោងតាមសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាមហើយ ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវទៀត។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល និងប្តូរមកពីទិសខាងកើត និងអាគ្នេយ៍ (Variable winds)។ ក្រសួងធនធានទឹក និងឧតុនិយម បន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតចាប់ពីតិចទៅបង្គួរ ក្នុងនោះកន្លែងខ្លះក៏អាចមានភ្លៀងធ្លាក់ច្រើនលាយឡំទៅដោយផ្គរ និងរន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី ៦០% ទៅ ៨០% ផងដែរ។ ក្រសួងធនធានទឹក និងឧតុនិយម បន្តទៀតថា ចំណែកនៅថ្ងៃទី១៩ ខែតុលាវិញ នៅតាមបណ្ដាខេត្តភាគខាងជើងជាប់ជួរភ្នំដងរែក ភាគពាយ័ព្យជាប់នឹងប្រទេសថៃ និងខ្ពង់រាបភាគឦសាន អាចនឹងមានភ្លៀងធ្លាក់ខ្សោយ។ រីឯនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតចាប់ពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីចាប់ពី ៤០% ទៅ 60%៕ សម្រួលដោយ ទៀង បុណ្ណរី